ថៃ៖ ពលរដ្ឋថៃ១៧នាក់ដែលត្រូវក្រុមហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មាំងព្រមទាំងបានធ្វើការប្រគល់អោយទៅអ៊ីស្រាអែលកាលពីពេលថ្មីៗកន្លងទៅនេះ បានវិលត្រឡប់ទៅដល់ប្រទេសកំណើតរបស់ខ្លួនវិញហើយ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBangkok Post នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្រាប់ យន្តហោះបានដឹកពួកគេទៅចុះចតនៅព្រលានយន្តហោះសុវណ្ណភូមិកាលពីរសៀលថ្ងៃព្រហស្បតិ៍ មកទល់នឹងពេលនេះ, ក្រុមហាម៉ាស់ដោះលែងជនជាតិថៃសរុប២៣នាក់ដែលជាផ្នែក១នៃកិច្ចព្រមព្រៀងទ្វេភាគីរវាងរដ្ឋាភិបាលថៃ និងក្រុមហាម៉ាស់ក្រោមការសម្រុះសម្រួលពីប្រទេសអ៊ីរ៉ង់។ នៅសល់ចំណាប់ខ្មាំងជនជាតិថៃ៩នាក់ទៀតនៅក្នុងដៃរបស់ក្រុមហាម៉ាស់។ អ៊ីស្រាអែលបញ្ជាក់បន្ថែមថាចំណាប់ខ្មាំងសរុប១៤៥ទៀតកំពុងស្ថិតនៅក្នុងដៃរបស់ក្រុមហាម៉ាស់។

ប្រទេសថៃរងគ្រោះខ្លាំងគួរសមនៅក្នុងព្រឹត្តិការណ៍កាលពីថ្ងៃទី៧ ខែតុលា ព្រោះប្រទេសនេះបញ្ជូនពលករចំណាកស្រុកទៅធ្វើការផ្នែកកសិកម្មនៅប្រទេសអ៊ីស្រាអែលច្រើនជាងគេរហូតដល់៣ម៉ឺននាក់។ ជនជាតិថៃ៣៩នាក់ស្លាប់នៅក្នុងការប្រយុទ្ធគ្នា។ ក្រៅពីនេះ ជនជាតិថៃ៣២នាក់ទៀតត្រូវក្រុមហាម៉ាស់ចាប់ពង្រត់។ ក្រោយព្រឹត្តិការណ៍វាយប្រហារនោះ ពួកគេក៏សម្រុកវិលត្រឡប់ទៅប្រទេសថៃវិញដូចទឹកបាក់ទំនប់ ជាង២ខែចុងក្រោយនេះ ពួកគេវិលទៅស្រុកវិញអស់៩ពាន់នាក់។

សម្រាប់ដំណើរមាតុភូមិនិវត្តរបស់ចំណាប់ខ្មាំង១៧នាក់នៅថ្ងៃនេះមានលក្ខណៈពិសេសដោយមានសាច់ញាតិ និងក្រុមគ្រួសារទៅទទួលដល់ព្រលានយន្តហោះ។ នាយករដ្ឋមន្ត្រីថៃមានជំនឿថាការដែលភាគីជម្លោះទាំង២បន្តអនុវត្តបទឈប់បាញ់ជាសញ្ញាល្អមួយ។ លោកសង្ឃឹមថាចំណាប់ខ្មាំងទាំងអស់ មិនថាជនជាតិថៃ ឬជនជាតិដទៃទៀតទេ នឹងត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញគ្រប់ៗគ្នា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ