ថៃ៖ ព្រឹត្តិការណ៍បោះឆ្នោតជាតិនៅក្នុងប្រទេសថៃឡង់ដ៍ឈានចូលមកដល់នៅថ្ងៃទី១៤ ខែឧសភា ដោយក្នុងនោះ អតីតនាយករដ្ឋមន្រ្តីថៃលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលធ្លាប់ជាអ្នកនយោបាយដ៏​​លេចធ្លោមួយរូបបានពុះពារឆ្លងកាត់ឧបសគ្គអស់រយៈពេលជាច្រើនឆ្នាំ នៅក្រោមបរិបទនយោបាយ​ដ៏ផុយស្រួយរបស់ប្រទេសថៃឡង់ដ៍កាលពីអតីតកាល រហូតធើ្វឱ្យលោកនៅតែជានិមិត្តរូបតំណា​ងឱ្យការ​ត​ស៊ូរបស់អ្នកនយោបាយត្រកូល Shinawatra មកពីគណបក្សភឿថៃ ដោយបច្ចុប្បន្ន លោកស្រី Paetongtarn Shinawatra ជាកូនស្រីរបស់លោកថាក់ស៊ីន បានក្លាយជាបេក្ខ​ភាពនាយករដ្ឋមន្រ្តីដែល​កំពុ​ងនាំមុខគេនៅក្នុងលទិ្ធផលស្ទង់ប្រជាមតិនាពេលថ្មីៗ។

 

អំឡុងកំពុងរស់នៅដោយនិរទេសខ្លួននៅឯបរទេស លោកថាក់ស៊ីន បានបង្ហាញបំណងចង់វិលត្រឡប់ចូលក្នុងប្រទេសថៃឡង់ដ៍វិញនៅខែកក្កដា ដោយដំណឹងនេះ ក៏បានធ្វើឱ្យអ្នកបោះឆ្នោតហាក់មានអារម្មណ៍រំជើបរំជួល ខណៈដែលអ្នកវិភាគមើលឃើញថា ការសម្រេចចិត្តរបស់លោកថាក់ស៊ីន អាចពាក់ព័ន្ធនឹងការបោះឆ្នោត តាមរយៈការចរចានយោបាយក្រោយការបោះឆ្នោតរវាងគណបក្សភឿថៃ និងក្រុមរដ្ឋាភិបាលយោធាដើម្បីឈានដល់ការបង្កើតរដ្ឋាភិបាលថ្មីមួយក្នុងកិច្ចការដឹកនាំប្រទេស។

 គណបក្សភឿថៃដឹកនាំដោយលោកស្រី Paetongtarn Shinawatra វ័យ៣៦ឆ្នាំ គឺជាគណបក្សដ៏ធំមួយនៅក្នុងប្រទេសថៃឡង់ដ៍ និងប្រមូលផ្តុំទៅដោយក្រុមអ្នកនយោបាយស្មោះស្ម័គ្រនឹងលោកថាក់ស៊ីនដែលធ្លាប់ឈ្នះការបោះឆ្នោតជាតិដំបូងកាលពីឆ្នាំ ២០០១ កាលនោះ គឺជាការចាប់ផ្តើមអាណត្តិដឹកនាំប្រទេសរបស់លោកថាក់ស៊ីន។

ក្រោយការប្រកាសអំពីការធ្វើមាតុភូមិនិវត្តន៍ដោយលោកថាក់ស៊ីន មតិមួយចំនួនយល់ឃើញថា គ្រាន់តែជាការលេងសើចចំពោះដំណើរការបោះឆ្នោតតែប៉ុណ្ណោះ ព្រោះតែតុលាការថៃធ្លាប់កាត់​​ទោសឱ្យ​លោកជាប់ពន្ធនាគាររយៈពេលច្រើនឆ្នាំ និងត្រូវប្រឈមការចាប់ខ្លួននៅពេលឈានជើង​ចូលស្រុកថៃឡង់ដ៍ លើកលែងតែលោកថាក់ស៊ីន សម្រេចរៀបចំកិច្ចព្រមព្រៀងគ្នាណាមួយជាសម្ងាត់ជាមួយរដ្ឋាភិបាលយោធារបស់លោកប្រាយុទ្ធ ចាន់អូចា ខណៈដែលនេះមិនមែនជាប្រភពព័ត៌មានច្បាស់ឡើយ៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ