ថៃ៖ការរាប់សន្លឹកឆ្នោតឡើងវិញក្នុងការិយាល័យបោះឆ្នោតចំនួន ៤៧ នៅទូទាំងប្រទេសថៃ បានដំណើរការដោយមិនមានបញ្ហាអ្វីឡើយកាលពីថ្ងៃអាទិត្យ ខណៈលទ្ធផលក៏មិនមានភាពខុសគ្នាទៅនឹងការ បោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភានោះផងដែរ ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានបញ្ជាឲ្យរាប់សន្លឹកឆ្នោតឡើងវិញ បន្ទាប់ពីបានរកឃើញភាពមិនស៊ីគ្នារវាងចំនួនសន្លឹកឆ្នោតសរុប និងចំនួនអ្នកទៅបោះឆ្នោត ជាពិសេសនៅការិយាល័យចំនួន ៦ ក្នុងចំណោម ៤៧ ការិយាល័យនៅក្នុងទីក្រុងបាងកក ក៏រកឃើញភាពមិនស៊ីគ្នាក្នុងលទ្ធផលបោះឆ្នោតនាពេលកន្លងមកនេះដែរ ។ ការិយាល័យទាំង ៦ នៅទីក្រុងបាងកក បានចាប់ផ្តើមការរាប់សន្លឹកឆ្នោតឡើងវិញនៅមុនពេលថ្ងៃត្រង់ នៅចំពោះមុខគណៈកម្មាធិការការិយាល័យ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសង្កេតការណ៍សាធារណៈ ដើម្បីចៀសវាង ក៏ដូចការប្រុងប្រយ័ត្នចំពោះការក្លែងបន្លំណាមួយ ។


រធានការិយាល័យសង្កាត់ Wang Thonglang លោក Krongkran Jeamjeerakul ដែលជាអ្នកមើលការខុសត្រូវលើការរាប់សន្លឹកឆ្នោតឡើងវិញនេះ បាននិយាយថា សន្លឹកឆ្នោតចំនួន ៣៧ ផ្សេងទៀតដែលបាត់នៅការិយាល័យបោះឆ្នោតលេខ ១ របស់ទីក្រុងបាងកក ក៏ត្រូវបានរកឃើញនៅក្នុងការរាប់ឡើងវិញនេះផងដែរ ខណៈសំឡេងឆ្នោតបន្ថែមចំនួន ៣៧ នេះ ក៏មិនមានឥទ្ធិពលលើលទ្ធផលពីដំបូងឡើយផងដែរ ។


គួរបញ្ជាក់ថា ការិយាល័យបោះឆ្នោតនៅក្នុងខេត្តផ្សេងទៀតរបស់ថៃ ក៏បានចាប់ផ្តើមរាប់សន្លឹកឆ្នោតឡើងវិញផងដែរ ខណៈលទ្ធផលដែលបានធ្វើបច្ចុប្បន្នភាពរួចហើយ រំពឹងនឹងប្រកាសសម្រេចយកនៅក្នុងខែនេះ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ