អាជ្ញាធរគ្រឿងញៀន ស្នើស្ថាប័នតុលាការ ទប់ស្កាត់ការដោះលែង ឧក្រិដ្ឋជនគ្រឿងញៀន
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើស្ថាប័នតុលាការ ដាក់ទោសធ្ងន់ធ្ងរ និងទប់ស្កាត់ការដោះលែង ចំពោះឧក្រិដ្ឋជនគ្រឿងញៀន។
តាមរយៈគោលការណ៍ណែនាំរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ លោក ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានណែនាំគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត លុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៅក្នុងមូលដ្ឋាន និងកន្លែងមិនទាន់រៀបរយផ្សេងៗ រួមទាំងក្នុងក្លឹបកម្សាន្ត ខុនដូ បារ KTV ផ្ទះសំណាក់។ ដោយត្រូវគ្រប់គ្រងឲ្យបានម្ចាស់អាជីវកម្មពិតប្រាកដមានកិច្ចសន្យាច្បាស់លាស់ និងចាត់វិធានការបង្ក្រាបជាបន្ទាន់ពេលមានព័ត៌មាន អំពីការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ក្នុងទីតាំងសប្បាយដ្ឋានទាំងនេះ។
លោក ឧបនាយករដ្ឋមន្ត្រី បន្ដថា អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គ្មានគ្រឿងញៀន ជំរុញអ្នកញៀន ចូលទៅរកការព្យាបាលនៅតាមមូលដ្ឋានសវាសុខាភិបាលសាធារណៈ ឬមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលគ្រប់គ្រងដោយរដ្ឋ និងឯកជន។ ជាពិសេស ខិតខំលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ បណ្តុះបណ្តាលជំនាញ និងក្រមសីលធម៌ ឈានទៅទប់ស្កាត់រាល់អំពើពុករលួយ និងភាពអសកម្មពេលបង្ក្រាបករណីគ្រឿងញៀន។
លោក ឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ថា «ស្នើសុំសា្ថប័នតុលាការ ដាក់ទោសធ្ងន់ធ្ងរ និងទប់ស្កាត់ការដោះលែង ចំពោះឧក្រិដ្ឋជនគ្រឿងញៀន។ ត្រូវតាមដានការចូលរួមរាយការណ៍ពីប្រជាពលរដ្ឋ ដោយបច្ចុប្បន្ន អ.ជ.ប.គ.ញ. កំពុងរៀបចំតម្លើងប្រព័ន្ធ hotline រាយការណ៍ពីករណីប្រើប្រាស់ ជួញដូរគ្រឿងញៀន ដោយរក្សាការសម្ងាត់ និងសុវត្ថិភាពជូនបុគ្គលរាយការណ៍»៕