ខ្មាន់កាំភ្លើងម្នាក់ បាញ់សម្រាប់ មនុស្ស៤នាក់ និង៩នាក់របួសធ្ងន់ នៅរដ្ឋ Kentucky សហរដ្ឋអាម៉េរិក
អាមេរិក៖ ហេតុការណ៍បាញ់ប្រហារ ក្នុងទីក្រុងLouisville ស្ថិតនៅក្នុងរដ្ឋKentucky សហរដ្ឋអាម៉េរិក កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានបណ្តាលឱ្យមនុស្សចំនួន ៤នាក់បានស្លាប់ និង៩នាក់រងរបួសធ្ងន់ធ្ងរ ជាបុគ្គលិកធនាគារ បានប្រើប្រាស់កំាភ្លើងវែងស័្វយប្រវត្តិមួយដើមក្នុងការបាញ់សម្លាប់អ្នករួមការងារដទៃទៀត ។
បុរសជាខ្មាន់កាំភ្លើងមានឈ្មោះ Connor Sturgeon អាយុ២៣ឆ្នាំ ហើយជនដៃដល់ខាងលើបានប្រព្រឹត្តសកម្មភាពនេះដោយធ្វើការផ្សាយផ្ទាល់ (Live) តាមរយៈគណនីផ្ទាល់ខ្លួននៅលើបណ្តាញអ៊ីនធឺណិត មុននឹងឃាតករបានស្លាប់ដោយសារតែគ្រាប់កាំភ្លើងដែលគេនៅមិនទាន់ដឹងច្បាស់ថាជាគ្រាប់កាំភ្លើងរបស់មន្ត្រីអាជ្ញាធរ រឺក៏ជាការធើ្វអត្តឃាតលើខ្លួនឯងនៅឡើយទេ។
មន្ត្រីប៉ូលីសបានដាក់ការសន្និដ្ឋានជាបឋមថា អាចបណ្តាលមកពីគំនុំគុំកួនដោយសារតែជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំង៤នាក់ គឺជាអនុប្រធានបំរើការនៅសាខាធនាគារជាមួយគ្នានេះ។ដោយឡែក អ្នករងរបួសធ្ងន់ទាំង៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យក្នុងតំបន់ នៅក្នុងនោះអ្នករបួស២នាក់ គឺជាកងកម្លាំងនគរបាល ដោយម្នាក់ក្នុងចំណោមនោះ រងរបួសនៅត្រង់ក្បាល និងកំពុងស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរខ្លាំង ក្រោយការវះកាត់ត្រង់ចំណុចលលាដ៍ក្បាល នេះបើយោងតាមការបញ្ជាក់ពីក្រុមមន្ត្រីអាជ្ញាធរ។
ដោយឡែកសម្រាប់ម្តាយរបស់ខ្មាន់កាំភ្លើង បានអះអាងថា កូនគាត់មិនធ្លាប់មានប្រវត្តិប្រព្រឹត្តអំពើខុសច្បាប់ណាមួយពីមុនមកនោះទេ ហើយជាធម្មតាគេចូលចិត្តលេងកីឡា និងជានិស្សិតផ្នែកពាណិជ្ជកម្មទើបបញ្ចប់ការសិក្សាទៀតផង។ អ្នកស្រីបានបន្តថា កូនប្រុសរបស់គាត់បានចូលធ្វើជាបុគ្គលិកហាត់ការនៅឯសាខាធនាគារខាងលើនេះ អស់រយៈពេលប្រមាណជា៣ឆ្នាំ មុននឹងក្លាយជាបុគ្គលិកពេញសិទ្ធិកាលពីចុងឆ្នាំ ២០២២ ៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង