កម្ពុជា-ជប៉ុន នឹងរិះរកមធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព
ភ្នំពេញ ៖ លោក អាន សុខខឿន អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និង លោក Naofumi Hashimoto ឯកអគ្គរាជទូតទទួលបន្ទុកសិទ្ធិមនុស្ស និងស្ថិរភាពនិងសន្តិភាពអន្តរជាតិ នៃក្រសួងការបរទេសជប៉ុន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានចូលរួមធ្វើជាសហប្រធាននៃកិច្ចសន្ទនារវាងកម្ពុជា និងជប៉ុនស្ដីពី «សិទ្ធិមនុស្ស លើកទី១២» នៅទីស្តីការក្រសួង។
ក្នុងអំឡុងពេលនៃកិច្ចសន្ទនា កម្ពុជា-ជប៉ុន បានចូលរួមពិភាក្សាស៊ីជម្រៅលើប្រធានបទសិទ្ធិមនុស្សជាច្រើន។ កម្ពុជា-ជប៉ុន បានផ្លាស់ប្តូរទស្សនៈលើការបោះឆ្នោត សេរីភាពជាមូលដ្ឋាន កំណែទម្រង់ប្រព័ន្ធតុលាការ កម្មវិធីជំនួយផ្នែកច្បាប់ និងការការពារសិទ្ធិនៃក្រុមងាយរងគ្រោះ។ លើសពីនេះ ភាគីទាំងពីរបាន រិះរកមធ្យោបាយនានាសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យរក្សាសន្តិភាព គំនិតផ្តួចផ្តើមជំនួយមនុស្សធម៌ ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌអន្តរជាតិ រួមទាំងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។
ឱកាសនេះនេះដែរ លោក អាន សុខខឿន បានគូសបញ្ជាក់អំពីដំណើរនយោបាយរបស់កម្ពុជា ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ដែលផ្ដល់ជាគំរូជោគជ័យដ៏ពិសេសមួយ នៃប្រទេសធ្លាប់រងគ្រោះដោយសារសង្គ្រាម ក្លាយជាប្រទេសដែលសម្រេចបាននូវសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការផ្លាស់ទី ក្នុងសង្គមដោយសេរី។
លោក បានបន្ដថា វឌ្ឍនភាពដ៏សំខាន់ដែលសម្រេចបាននៅក្នុងវិស័យសិទ្ធិមនុស្ស កំណែទម្រង់ច្បាប់ ការពង្រីកកម្មវិធីគាំពារសង្គមគ្រប់ជ្រុងជ្រោយ និងការរួមចំណែកយ៉ាងសំខាន់ចំពោះសន្តិភាព និងសន្តិសុខពិភពលោក តាមរយៈការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕EB