កាណាដា ម៉ិកស៊ិក រួមនឹងចិន ប្រកាសដាក់វិធានការពន្ធគយជាការសងសឹកវិញលើទំនិញនាំចូលរបស់សហរដ្ឋអាមេរិក
បរទេស៖ ប្រទេសកាណាដា ម៉ិកស៊ិកនិងចិនបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថាពួកគេ នឹងដាក់ពន្ធគយជាការសងសឹកវិញលើទំនិញនាំចូលរបស់សហរដ្ឋអាមេរិកបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដាក់ពន្ធគយថ្មីលើការនាំចេញទំនិញរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកបានយកពន្ធគយថ្មីចំនួន២៥ភាគរយកាលពីថ្ងៃអង្គារម្សិលមិញលើការនាំចេញទំនិញមកពីដៃគូពាណិជ្ជកម្មធំៗ២គឺប្រទេសម៉ិកស៊ិកនិងកាណាដា និងបង្កើនទ្វេដងនៃពន្ធគយកាលពីដំបូងដែលត្រឹមតែ១០ភាគរយលើការនាំចូលទំនិញចិនទៅដល់២០ភាគរយ។
ទីក្រុងប៉េកាំង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការយកពន្ធបន្ថែម១៥ភាគរយ នឹងត្រូវដាក់ទៅលើសាច់មាន់ ស្រូវសាលី ពោត និងកប្បាសរបស់អាមេរិក ហើយពន្ធបន្ថែម១០ភាគរយ នឹងត្រូវដាក់ទៅលើដំណាំស្ពៅ សណ្តែកសៀង សាច់ជ្រូក សាច់គោ គ្រឿងសមុទ្រ ផ្លែឈើ បន្លែ និងផលិតផលផ្សេងៗ ដែលធ្វើចេញពីទឹកដោះគោ។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាដំឡើងពន្ធ ដែលពីដំបូង១០ភាគរយ ឱ្យដល់២០ភាគរយ លើទំនិញនាំចូលពីប្រទេសចិន ខណៈពន្ធ២០ភាគរយថ្មីនេះទៀតសោត គឺជាការបន្ថែមពីលើពន្ធដែលមានរួចស្រាប់ លើទំនិញផ្សេងៗរបស់ចិន។
លោកប្រធានាធិបតី Trump បានដាក់ពន្ធគយថ្មីលើប្រទេសម៉ិកស៊ិកនិងកាណាដា ដែលជាប្រទេសជិតខាងជិតស្និទ្ធបំផុតរបស់ខ្លួន ទោះជាបន្ទាប់ពីពួកគេបាននិយាយថាពួកគេបានទប់ស្កាត់ជនចំណាកស្រុកខុសច្បាប់និងលំហូថ្នាំញៀនខុសច្បាប់ចូលក្នុងសហរដ្ឋអាមេរិកដូចដែលលោកប្រធានាធិបតី Trump បានទាមទារក្តី។
សន្ទស្សន៍ភាគហ៊ុនសំខាន់ៗចំនួន៣របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីការប្រកាសកាលពីថ្ងៃចន្ទរបស់លោកប្រធានាធិបតី Trump ហើយសន្ទស្សន៍ភាគហ៊ុននីមួយៗបានធ្លាក់ប្រហែល២ភាគរយពិន្ទុនៅពេលចាប់ផ្តើមការលក់ដូរកាលពីថ្ងៃអង្គារម្សិលមិញ។
ប្រធានាធិបតីប្រទេសម៉ិកស៊ិកអ្នកស្រី Claudia Sheinbaum បាននិយាយថាអ្នកស្រី នឹងដាក់ពន្ធគយជាការសងសឹកលើទំនិញសហរដ្ឋអាមេរិកហើយបានប្រកាសផលិតផលដែលខ្លួននឹងដៅលើនោះនៅថ្ងៃអាទិត្យនៅឯពិធីមួយនៅទីលាន Central Plaza នៅរដ្ឋធានី Mexico City៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង