ក្រុមហ៊ុន Meta ធើ្វការព្យាករណ៍កម្រិតប្រាក់ចំណូលត្រីមាសដំបូងរបស់ខ្លួន ទាបជាងការរំពឹងខណៈពិបាកប្រកួតប្រជែងលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI
អាមេរិក៖ ក្រុមហ៊ុន Meta ដែលជាម្ចាស់កម្មវិធីបណ្តាញសង្គម Facebook និង Instagram នៅថ្ងៃពុធម្សិលមិញ បានធើ្វការព្យាករណ៍កម្រិតប្រាក់ចំណូលត្រីមាសដំបូងរបស់ខ្លួន ទាបជាងការរំពឹងរបស់អ្នកជំនាញនៅឯព្រឹត្តិបត្រ Wall Street Journal ដែលជាសញ្ញាមួយបង្ហាញពីស្ថានភាពប្រកួតប្រជែងកំពុងមានភាពពិបាកខ្លាំង ជាពិសេសលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលក្រុមហ៊ុនមួយនេះ ធ្លាប់បានចំណាយប្រាក់យ៉ាងច្រើនពាន់លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍបង្កើតមុខងារ AI ថ្មីៗ សម្រាប់ទាក់ទាញអ្នកប្រើប្រាស់កម្មវិធីបណ្តាញសង្គម ដើម្បីទទួលបានកំណើនផ្សាយពាណិជ្ជកម្ម Online ដែលជាប្រភពចំណូលចម្បងរបស់កម្មវិធី Facebook ។
យោងតាមការព្យាករណ៍របស់ក្រុមហ៊ុន Meta គេរំពឹងនឹងទទួលប្រាក់ចំណូលប្រចាំត្រីមាសទី១ ក្នុងឆ្នាំ ២០២៥ ពីចន្លោះ ៣៩.៥ ពាន់លានដុល្លារអាម៉េរិក ទៅ ៤១.៨ ពាន់លានដុល្លារអាម៉េរិក បើធៀបនឹងការប៉ាន់ស្មានជាមធ្យមរបស់អ្នកវិភាគ មានចំនួនសរុប ៤១.៧២ ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមទិន្នន័យរបស់ស្ថាប័នទីផ្សារហិរញ្ញវត្ថុ ហៅកាត់ថា LSEG ។
គួរជម្រាបថា ការថមថយដំណើរការផ្សាយពាណិជ្ជកម្ម Online នៅរយៈពេលចុងក្រោយនេះ បានធើ្វឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កម្រិតប្រាក់ចំណូលរបស់ក្រុមហ៊ុន Meta ជាពិសេសនៅក្រោយពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ចិន ឈ្មោះ DeepSeek ទើបបានបញ្ចេញកម្មវិធី AI Chatbot ជំនាន់ថ្មី ដែលមានសមត្ថភាពអស្ចារ្យ និងកំពុងទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាទូទាំងពិភពលោក។
ការធ្លាក់ចុះកម្រិតប្រាក់ចំណូលរបស់ក្រុមហ៊ុន Meta នាពេលនេះ បានបង្កើតជាសំណួរសម្រាប់ដំណើរការវិនិយោគលើវិស័យ AI របស់ក្រុមហ៊ុន ក៏ដូចជាការវិនិយោគលើវិស័យបច្ចេបវិទ្យាបណ្តាញសង្គមជំនាន់ថ្មី ដែលគេឱ្យឈ្មោះថា Metaverse ដោយរួមមាន វែនតា 3D និងប្រព័ន្ធកម្មវិធី “ពិភពនិមិត្ត“ ដែលបង្កើតឡើងទាំងស្រុងដោយកុំព្យូទ័រក្រាហ្វិក ក្រោយពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន គឺលោក Mark Zuckerberg ទើបបានប្រកាសកាលពីសប្តាហ៍កន្លងទៅ ថានឹងបង្កើនការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ AI ក្នុងទំហំទឹកប្រាក់សរុប ៦៥ពាន់ដុល្លារអាម៉េរិក សម្រាប់ឆ្នាំ ២០២៥ ដើម្បីរក្សាការប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនជាដៃគូ៕