ភ្នំពេញក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី៩-១០ ខែវិច្ឆិកា កម្ពុជាទទួលឥទ្ធិពលខ្លាំងពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់មកពីទិសឦសានក្នុងល្បឿនបង្គួរ។

ជាមួយគ្នានោះនៅថ្ងៃទី១១-១៥ ខែវិច្ឆិកា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់មកពីទិសឦសានខ្សោយ  ដោយទំនូលខ្លាំងនៃជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូង បង្កើតឡើងនូវបាតុភូតនៃជំនួបរវាងម៉ាសខ្យល់ក្ដៅនិងត្រជាក់ (Convections) មកលើកម្ពុជា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំ ទៅដោយផ្គរ រន្ទះ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ បណ្តាខេត្តដែលនៅតំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាមានពី ២២-២៤° C, សីតុណ្ហភាពអតិបរមាមានពី ៣១-៣១ ° C។ ចាប់ពីថ្ងៃទី ៩-១០ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់តិចតួច។ បន្ទាប់ពីនោះនឹងអាចមានភ្លៀងពីកម្រិតខ្សោយ ទៅបង្គួរ លាយឡំទៅផ្គរ រន្ទះ។តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាមានពី ២១-២៣ ° C, និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២ ° C។  ចាប់ពីថ្ងៃទី ៩-១០ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់តិចតួច។ បន្ទាប់ពីនោះនឹងអាចមានភ្លៀងធ្លាក់ពីកម្រឹតខ្សោយ ទៅបង្គួរ លាយឡំទៅផ្គរ រន្ទះ។

ចំណែក តំបន់មាត់សមុទ្រវិញ មានសីតុណ្ហភាពអប្បបរមាមានពី ២២-២៤° C ,  និងសីតុណ្ហភាពអតិបរមាមានពី ៣០-៣២° C ។អាចមានភ្លៀងធ្លាក់ពីកម្រឹតខ្សោយ ទៅបង្គួរ លាយឡំទៅផ្គរ រន្ទះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ