បាត់ដំបង ៖ នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រទេសណាក៏ដោយមិនត្រូវមើលស្រាលពីបញ្ហានៃសុខសន្តិភាពនោះទេ ត្រូវថែរក្សា និងពង្រឹងសន្តិភាពឱ្យបាន ដើម្បីប្រទេសមានការអភិវឌ្ឍ និងផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យបវេល វិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃនៃស្រុកបវេល ខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ នៅវិទ្យាល័យបវេល ស្រុកបវេល ខេត្តបាត់ដំបង ដែលសមិទ្ធផលទាំងអស់នេះ ត្រូវចំណាយអស់ថវិកាជាង៤៨ម៉ឺនដុល្លាសហរដ្ឋអាមេរិក ជារបស់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានស្រុកបវេល ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ប្រទេសណាក៏ដោយយើងមិនត្រូវមើលស្រាលពីបញ្ហានៃសុខសន្តិភាពនោះទេ ការថែរក្សា និងការពង្រឹងសន្តិភាពត្រូវតែធ្វើឱ្យបាន ដើម្បីកុំឱ្យមានសង្រ្គាម មានកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលកើតឡើង ដែលការពិតទាំងអស់នេះមិនមែនជាការរារាំងសិទ្ធិនៃការបញ្ចេញមតិនោះដែរ ប៉ុន្តែការបញ្ចេញមតិខ្លះ វាមិនចំណេញសម្រាប់សង្គម សម្រាប់ប្រទេសជាតិ វាទៅជាការញ៉ុះញ៉ង់ អុចអាលឱ្យមានការបែកបាក់ ការរើសអើង នោះគឺជាដើមចមនៃបញ្ហា»។

សម្តេចក្រឡាហោម បន្ដថា «មនុស្សយើងម្នាក់ៗត្រូវប្រើសិទ្ធិរបស់យើង ដើម្បីមានផលប្រយោជន៍សម្រាប់ប្រទេសជាតិ សម្រាប់សង្គម មិនមែនប្រើសិទ្ធិរបស់យើងដើម្បីបំផ្លាញផលប្រយោជន៍របស់ជាតិ ធ្វើឱ្យអស្ថិរភាព ឬក៏ធ្វើឱ្យមានការបែកបាក់ និងធ្វើឱ្យមានការរើសអើងនោះទេ»។

សម្តេច នាយករដ្ឋមន្ត្រីស្តីទី បានលើកឡើងទៀតថា កត្តាសំខាន់ត្រូវរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមឲ្យបានរឹងមាំ តាមរយៈការអនុវត្តឱ្យបានសកម្មផុលផុសគ្រប់មជ្ឈដ្ឋាននូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងនោះបញ្ហា ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ រួមមាន ការខិតខំលើកកម្ពស់ ការចូលរួមទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំងលុបបំបាត់គ្រឿងញៀនឱ្យអស់ពីមូលដ្ឋាន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ