ប្រទេសអេស្ប៉ាញបានបំបែកកំណត់ត្រាអាកាសធាតុដ៏ក្តៅខ្លាំង និងកម្រមានបំផុត ដោយសីតុណ្ហភាពកើនឡើងរហូតដល់ ៤០អង្សាសេ
អេស្ប៉ាញ៖ ប្រទេសអេស្ប៉ាញបានបំបែកកំណត់ត្រាអាកាសធាតុដ៏ក្តៅខ្លាំង និងកម្រមានបំផុត សម្រាប់និទាឃរដូវ ដោយសីតុណ្ហភាពនៅតាមតំបន់មួយចំនួននៃទីប្រជុំកោះ Canary បានកើនឡើងរហូតដល់ ៤០អង្សាសេ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៣។
យោងតាមភ្នាក់ងារឧតុនិយមរបស់អេស្ប៉ាញ នៅថ្ងៃពុធសប្តាហ៍នេះ បានគូសបញ្ជាក់ថា នេះជាការកើនឡើងខ្លាំងគួរឱ្យព្រួយបារម្ភបើធៀបទៅនឹងកម្រិតសីតុណ្ហភាពជាមធ្យមក្នុងប្រទេសដែលស្ថិតនៅចន្លោះពី ២៦ ទៅ ៣៣ អង្សាសេ។ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុនេះ បានជម្រុញឱ្យអភិបាលនៃប្រជុំកោះ Canary និងជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយរបស់អេស្ប៉ាញ ប្រកាសឱ្យពលរដ្ឋរបស់ខ្លួនត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះស៊ីតុណ្ហភាពក្តៅខ្លាំង ព្រោះវាអាចនឹងប៉ះពាល់ដល់ការរស់នៅ និងប៉ះពាល់ដល់ការប្រកបមុខរបរប្រចាំថ្ងៃ។
ក្រៅតែពីតំបន់ប្រជុំកោះភាគនិរតី អាកាសធាតុនៅតាមភូមិសាស្រ្តប៉ែកខាងជើងនៃអេស្ប៉ាញឯណោះវិញ ក៏ប្រឈមទៅនឹងការកើនឡើងកម្តៅខ្លាំងណាស់ដែរ ក្នុងនោះ អាជ្ញាធរក្នុងតំបន់ Asturias បានណែនាំឱ្យមន្រ្តីរបស់ខ្លួនត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាភ្លើងឆេះឈើព្រៃដែលអាចនឹងកើតមានឡើងជាយថាហេតុ ៕SP