ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់សាធារណជនជ្រាបថា ក្រសួងបាន សហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាល នៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធ ដើម្បីអន្តរាគមន៍ និងសម្របសម្រួលឱ្យបងប្អូនពលការិនីចំនួន ១៥នាក់បន្ថែមទៀត បានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ ប្រកបដោយសុវត្ថិភាព។

គិតត្រឹមថ្ងៃនេះ ក្រសួង បានរៀបចំឱ្យបងប្អូនពលការិនី វិលត្រឡប់មកមាតុប្រទេសវិញសរុបចំនួន ៧៨នាក់រួចហើយ។

ការមកដល់របស់បងប្អូនពលការិនី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង ដោយបងប្អូនពលការិនីបានជួបជុំជាមួយក្រុមគ្រួសារប្រកបដោយភាពនឹករលឹក និងសប្បាយរីករាយ។

បន្ថែម ពីនេះទៀត មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង ក៏បានផ្តល់ការពិនិត្យសុខភាពដល់បងប្អូនពលការិនី ណែនាំអំពី ឱកាសការងារដើម្បីផ្តល់ការងារថ្មីធ្វើ និងការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំង បានជូនបងប្អូនពលការិនីទៅកាន់គេហដ្ឋានរៀងៗខ្លួនប្រកបដោយសុវត្ថិភាព។

 

ចំណែកបងប្អូនពលការិនីដែលមិនទាន់បានវិលត្រឡប់មកវិញ កំពុងត្រូវបានជួយទំនុកបម្រុងកន្លែង ស្នាក់នៅ អាហារ និងតម្រូវការផ្សេងៗដោយស្ថានឯកអគ្គរាជទូតកម្ពុជា។ ក្រសួង និងស្ថានឯកអគ្គរាជទូតកម្ពុជា ក៏បាននិងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំបែបបទ និងនីតិវិធីឱ្យបងប្អូនពលការិនីបានវិលត្រឡប់មក មាតុប្រទេសវិញនៅពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ