ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៦៦នាក់ ហើយអប់រំ និងដោះលែងវិញចំនួន ៥៧ ខណៈចំនួន ៩នាក់ទៀត ត្រូវបន្តនីតិវិធីបញ្ជូនទៅកាន់តុលាការ។

ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស កំណត់យកថ្ងៃទី១៨ សីហា ដោយចលនាប្រជាពលរដ្ឋនៅក្នុងស្រុក ធ្វើបាតុកម្មទាមទារឲ្យរាជរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម(CLV-DTA) ប៉ុន្តែទីបំផុតក៏បង្វែរឲ្យមានការប្រមូលផ្ដុំ ធ្វើកុបកម្មផ្ដួលរំលំរាជរដ្ឋាភិបាល ដោយយកគម្រូតាមប្រទេសបង់ក្លាដេស។

នាឱកាសអញ្ជើញជាអធិបតី ប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអនុវត្តច្បាប់ គឺដើម្បីធានានូវសិទ្ធិ របស់ប្រជាពលរដ្ឋមួយចំនួនក្នុងការបញ្ចេញមតិ តែមិនឲ្យជ្រុលហួសទៅប៉ះពាល់ទៅដល់សិទ្ធសង្គម និងប្រជាពលរដ្ឋ។

សម្ដេចធិបតី ក៏បានចោទសួរថា នេះឬជាបាតុកម្មអហិង្សា ឬយ៉ាងម៉េច? ដោយសង្កេតឃើញថា ក្រុមជ្រុលនិយមប្រមូលគ្នា មកភ្នំពេញដោយមានភស្តុតាងច្បាស់លាស់ មាន ដបសាំង ចំពាមកៅស៊ូ គ្រាប់ដែក ប្រើប្រាស់ដ្រូន ដើម្បីប្រឆាំងនឹងអាជ្ញាធរ។ ការធ្វើបាតុកម្មអហិង្សា គឺគេប្រើក្រដាសបដាផ្សេងៗ ដើម្បីឲ្យរាជរដ្ឋាភិបាលដោះស្រាយនូវរឿងបញ្ហាប្រឈមផ្សេងៗ។

សម្ដេចធិបតី មានប្រសាសន៍ថា «នៅថ្ងៃទី១៨ នេះ ចំនួនអ្នកដែលឃាត់ខ្លួនមាន ៦៦នាក់ ហើយក្នុងនោះ សមត្ថកិច្ចធ្វើការណែនាំដោះលែងទៅវិញ ៥៧នាក់ រួចទៅហើយ ព្រោះអ្នកហ្នឹងមកតាមគេ តាមឯង។ ឥឡូវនៅសល់ ៩នាក់ ដែលត្រូវកសាងនីតិវិធីទៅតុលាការ ជាមេក្លោងបំផុសបំផុល»។

សូមរំលឹកថា បើតាម ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកការទប់ស្កាត់បានដោយជោគជ័យ នូវផែនការធ្វើកុបកម្ម ថ្ងៃ១៨ សីហា គឺជាការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម ដែលជាគោលបំណងដ៏អាក្រក់របស់ក្រុមជ្រុលនិយម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ