ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្ថិតនៅទីតាំងផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល) នឹងបើកការដ្ឋានសាងសង់នៅរយៈពេល១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ លោក ផន រឹម បានបញ្ជាក់ទៀតថា ការសិក្សាលម្អិតចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម(ESIA)បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជាផ្នែកចម្បងដើម្បីបើកផ្លូវសម្រាប់ដំណើរការបើកការដ្ឋានសាងសង់ និងដើម្បីភាពប្រាកដនិយមពេលគម្រោងចាប់ផ្តើមសាងសង់ នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏សំខាន់នៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិតនៃគម្រោង(Details Design)។

លោក ផន រឹម បានបន្ថែមទៀតថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។

គម្រោងនេះ ប្រភេទស្ពានខ្សែកាប(Two cable stayed bridges)មានប្រវែងនៃស្ពានសរុប ២.៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ,ប្រវែងផ្លូវក្បាលស្ពានសរុប(Approach road) ១.១៧៤ម៉ែត្រ(ទទឹងផ្លូវ ២២,៥ម៉ែត្រ)៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ