ករណីសិស្សប្រើប្រាស់អាក្បកិរិយាមិនសមរម្យធាក់តុគ្រូ និងចង់វាយគ្រូ ត្រូវបានករិយាល័យអប់រំស្នើរដ្ឋបាលស្រុកជលគិរីដោះស្រាយ
ភ្នំពេញ៖ តាមរយៈវីដេអូខ្លីមួយដែលបានចែកចាយនៅលើបណ្តាញសង្គម បង្ហាញពីសកម្មភាពរបស់សិស្សមួយរូប បានប្រើប្រាស់អាកប្បកិរិយាមិនសមរម្យ និងបានធាក់តុរបស់គ្រូនោះ ត្រូវបានការិយាល័យអប់រំ យុវជន និងកីឡា ស្នើសុំអភិបាលស្រុកជលគិរី ជួយដោះស្រាយ។
លិខិតរបស់ ការិយាល័យអប់រំ ដែលបានជម្រាបជូនទៅអភិបាលស្រុក បានឱ្យដឹងថា មានករណីសិស្សថ្នាក់ទី៦ មួយរូប បានប្រើប្រាស់ឥរិយាបថមិនសមរម្យបែបហិង្សាមកលើគ្រូបង្រៀន។ សិស្សនោះមានឈ្មោះ រី សុវណ្ណ ភេទប្រុស ជាសិស្សថ្នាក់ទី៦(ក) នៃសាលាបឋមសិក្សាភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំកមពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលមានឪពុកឈ្មោះ រុធ រី ម្តាយឈ្មោះ ប៉ក់ ទុំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។ លិខិតដដែលបានបញ្ជាក់ថា រី សុវណ្ណ បានប្រើអាកប្បកិរិយាបែបហិង្សាមកលើគ្រូបង្រៀនក្នុងបន្ទប់រៀន ដោយរត់មកធាក់តុគ្រូ និងសម្តែងចរិកចង់វាយគ្រូ។ ហេតុដូច្នេះ ការិយាល័យអប់រំ បានស្នើសុំទៅលោកអភិបាលស្រុកជលគិរី ឱ្យជួយដោះស្រាយករណីនេះ។
សូមបញ្ជាក់ថា ករណីសិស្សប្រើអាកប្បកិរិយាមិនសមរម្យ និងធាក់តុគ្រូនេះ បានកើតឡើងនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤៕