សមត្ថកិច្ចជំនាញបង្ក្រាបករណីជួញដូរគ្រឿងញៀន ប្រមាណជា៤០០ គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ៦នាក់ដែលមានជនជាតិចិន និងមីយ៉ាន់ម៉ា ជាមេខ្លោង
ភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនជួញដូរ ចែកចាយគ្រឿងញៀនចំនួន ៦នាក់ ត្រូវបាននគរបាល នៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ធ្វើសន្និសិទសារព័ត៌មានបង្ហាញមុខជាសាធារណៈ បន្ទាប់ពីប្រតិបត្តិការរបស់សមត្ថកិច្ចទើបតែបង្ក្រាបពួកគេបានកាលពីពេលថ្មីៗនេះ។
ក្នុងសន្និសីទសារព័ត៌មានបង្ហាញមុខខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រតិបត្តិការបង្ក្រាបដោយកម្លាំងការិយាល័យ ក៤។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មានប្រសាសន៍ថា ក្រុមឧក្រិដ្ឋជនទាំង ៦នាក់ ខាងលើនេះ(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនស្រាវជ្រាវ តាមដានជាបន្តបន្ទាប់ រហូតសម្រេចបានជោគជ័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក។ ជនទាំងនេះ ជាមុខសញ្ញាចែកចាយគ្រឿងញៀនឆ្លងប្រទេស ដោយពួកគេយកកម្ពុជាធ្វើជាប្រទេសឆ្លងកាត់ ហើយបន្តនាំចេញទៅកាន់ប្រទេសទី៣។
លោកឧត្តមសេនីយ៍ បន្ថែមថា ជនសង្ស័យទាំង ៦នាក់ ខាងលើនេះ ជាក្រុមសេនាបិយោរបស់ក្រុមឧក្រិដ្ឋជនដែលនៅក្រៅប្រទេស។ ក្នុងការឃាត់ខ្លួនពួកគេ សមត្ថកិច្ចដកហូតបានគ្រឿងញៀនជាង ៤០០គីឡូក្រាម ផងដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេលក្រោយមកនេះ នគរបាលកម្ពុជា តែងបានធ្វើការបង្ក្រាបករណីជួញដូរ និងផលិតគ្រឿងញៀនធំៗជាច្រើនករណី ដោយបានឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជាច្រើននាក់ ដើម្បីអនុវត្តនីតិវិធីច្បាប់ និងដកហូតថ្នាំញៀនរាប់ពាន់គីឡូក្រាម ជាបន្តបន្ទាប់ ហើយក៏តែងបានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀនកម្ទេចចោលជារៀងរាល់ឆ្នាំផងដែរ។ ជាក់ស្តែង កាលពីពេលថ្មីៗ ក្នុងពាក់កណ្តាលឆ្នាំ២០២៤ សមត្ថកិច្ចក៏ទើបធ្វើពិធីដុតបំផ្លាញគ្រឿងញៀនជាង ៤តោន កម្ទេចចោលផងដែរ។
បន្ថែមពីនោះ បញ្ហាគ្រឿងញៀននេះដែរ ក៏ជាការងារអាទិភាពចម្បងទី៤ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានគិតគួរយកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីកាត់បន្ថយ និងឈានទៅរកការលុបបំបាត់គ្រឿងញៀនចេញពីប្រទេសជាតិ៕