ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងជំនួបព្រឹកនេះ មានកម្មការិនីមានផ្ទៃពោះចូលរួមចំនួន ៦៥៣នាក់។ រោងចក្រ សហគ្រាសទាំង២៩នេះ រួមមាន៖ រោងចក្រកាត់ដេរចំនួន២០, រោងចក្រផលិតផលធ្វើដំណើរ និងកាបូបចំនួន៣, រោងចក្រផលិតស្បែកជើងចំនួន២, បោកគក់សម្លៀកបំពាក់ចំនួន២, ប៉ាក់លើសម្លៀកបំពាក់ចំនួន១, បោះពុម្ពលើសម្លៀកបំពាក់ចំនួន១។

លោករដ្ឋមន្ត្រី បានឱ្យដឹងដែរថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកសាងរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត និងបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋឱ្យកៀកនឹងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនោះ រោងចក្រ សហគ្រាសត្រូវបានពង្រាយទៅតាមបណ្តាខេត្តស្ទើរទូទាំងប្រទេស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ