ភ្នំពេញ ៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា ម្ចាស់ផ្ទះបារាំងបានធ្វើរឿង ២ធំៗ ដែលជាការផ្ដល់នូវមហាកិត្តិយសសម្រាប់កម្ពុជា កំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ លើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ដែលទើបប្រារព្ធពិធីបិទការប្រកួតដោយជោគជ័យកាលពីរាត្រីថ្ងៃទី១១ ខែសីហាកន្លងទៅ។

ការគូសបញ្ជាក់នេះ ស្របពេលទេសរដ្ឋមន្ដ្រី បានដឹកនាំប្រតិភូអូឡាំពិក អមដំណើរដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ទទួលស្វាគមន៍ដំណើរមកដល់កម្ពុជាវិញ របស់កំពូលតារារ៉េបកម្ពុជា លោក វណ្ណដា បន្ទាប់ពីការបង្ហាញវត្តមានក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ដោយភ្ញាក់ផ្អើល និងត្រូវបានប្រជាជនក្នុងតំបន់ និងលើពិភពលោកចាប់អារម្មណ៍ជាខ្លាំង ពិសេសប្រជាពលរដ្ឋកម្ពុជា។

លោកទេសរដ្ឋមន្ដ្រី ថោង ខុន បន្ដថា រឿងធំៗពីរ ដែលម្ចាស់ផ្ទះបារាំង បានផ្ដល់កិត្តិយសដល់កម្ពុជា ទី១-ទោះបីអត្តពលិកកម្ពុជា មានចំនួនតិច តែត្រូវបានម្ចាស់ផ្ទះផ្តល់អាទិភាព ជូនទូកមួយដ៏ល្អស្អាត ដាច់ដោយឡែកពីគេ ក្នុងពិធីដង្ហែរពិធីបើកព្រឹត្តិការណ៍ ទី២-វត្តមានរបស់តារារ៉េបកម្ពុជា វណ្ណដា ជាមហាកិត្តិយស ដែលបារាំង ផ្តល់ជូនកម្ពុជា ។

លោកបណ្ឌិតបានថ្លែងថា «នេះជាគោលការណ៍ និងជានយោបាយរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) ដែលជាការជួយលើកទឹកចិត្តដល់ប្រទេសដែលកំពុងមានការអភិវឌ្ឍ។ ក្នុងនាមអូឡាំពិកកម្ពុជា ខ្ញុំសូមអរគុណដល់ក្មួយ វណ្ណដា ដែលបាននាំមកនូវមហាកិត្តិយសដ៏ធំធេងដល់ប្រទេសជាតិយើង។ វណ្ណដា តែងតែចូលរួមព្រឹត្តិការណ៍កីឡារបស់ជាតិ ដូចជាពិធីបើក-បិទស៊ីហ្គេម ផងដែរ»។

លោកបណ្ឌិត ថោង ខុន បានបន្ថែមថា «ពិតណាស់! វត្តមាន ក្មួយ វណ្ណដា ក្នុងពិធីបិទកីឡាអូឡាំពិកនេះ បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងដល់ចលនាអូឡាំពិកពិភពលោក ពិសេសចលនាអូឡាំពិកកម្ពុជាយើង។ ខ្ញុំគិតថា នេះជាចលករមួយដ៏ធំ សម្រាប់ឲ្យយុវជនយើង ពិសេសតារាចម្រៀងរ៉េប ព្រោះតន្ដ្រីរ៉េបនេះ គឺជាចំណង់ចំណូលចិត្តរបស់យុវជនយើងបច្ចុប្បន្ន ស្របពេលព្រឹត្តិការណ៍អូឡាំពិក លើកទី៣៣ ឆ្នាំនេះ ម្ចាស់ផ្ទះបានរៀបចំបន្ថែមឲ្យមានប្រភេទកីឡា ដែលមាននិន្នាការយុវជនជាច្រើន ដូចជា Break Dance ដែលជាកីឡាកំពុងពេញនិយមសម្រាប់យុវវ័យ ក៏ដូចជាសិល្បៈចម្រៀងរ៉េបនេះ ដែលជាចំណង់ចំណូលចិត្តដ៏ធំរបស់យុវជនផងដែរ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ