ក្រសួងការបរទេសកូរ៉េខាងជើង ថាការលក់ឧទ្ធម្ភាគចក្ររបស់អាមេរិកទៅកូរ៉េខាងត្បូង ជាទង្វើញុះញង់ដែលព្រហើននៃការបង្កើនអស្ថិរភាពសន្តិសុខនៅក្នុងតំបន់
កូរ៉េខាងជើង៖ ក្រសួងការបរទេសកូរ៉េខាងជើងបានថ្កោលទោសគម្រោងលក់ឧទ្ធម្ភាគចក្រយោធា Apache របស់សហរដ្ឋអាមេរិកទៅឲ្យកូរ៉េខាងត្បូង ដោយប្ដេជ្ញាថានឹងចាត់វិធានការបន្ថែមទៀតដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន KCNA នៅថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៤។
មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃទី១៩ខែសីហាថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់ប្រភេទឧទ្ធម្ភាគចក្រវាយប្រហារ AH-64E Apache ចំនួន ៣៦គ្រឿង និងឧបករណ៍ផ្សេងៗបំពាក់លើឧទ្ធម្ភាគចក្ររួមទាំងមីស៊ីលផងដែរ ក្នុងតម្លៃប្រហែល ៣,៥ពាន់លានដុល្លារ ដើម្បីគាំទ្រដល់កូរ៉េខាងត្បូងទប់ទល់នឹងការគំរាមកំហែងពីសត្រូវ ក៏ដូចជាចូលរួមនៅក្នុងប្រតិបត្តិការក្នុងតំបន់។
កូរ៉េខាងជើង បានរិះគន់គម្រោងលក់នេះថាជាសកម្មភាពធ្វើឲ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ ខណៈអាមេរិកនិងកូរ៉េខាងត្បូងកំពុងរៀបចំសមយុទ្ធយោធា Ulchi Freedom Shield ប្រចាំឆ្នាំរួមគ្នា។ ក្រសួងការបរទេសកូរ៉េខាងជើង បានរៀបរាប់ថា៖ «នេះគឺជាទង្វើញុះញង់ដែលព្រហើននៃការបង្កើនអស្ថិរភាពសន្តិសុខនៅក្នុងតំបន់៕