ភ្នំពេញ ៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣, លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣, មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលថវិកាបរិច្ចាគតាមប្រព័ន្ធធនាគារអនឡាញចំនួនជាង ៥២ម៉ឺនដុល្លារអាមេរិក ពីសំណាក់សប្បុរសជនជាង ១២ម៉ឺននាក់ ដែលនេះសបញ្ជាក់ពីការចូលរួមយ៉ាងផុសផុលរបស់សប្បុរសជនរាប់ម៉ឺននាក់ជាមួយយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ប្រចាំឆ្នាំ២០២៣នេះ។


លោក បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”  និងចូលរួមបរិច្ចាគឱ្យបានកាន់តែផុសផុលថែមទៀត ដើម្បីជួយសង្រ្គោះកុមារនៅកម្ពុជា។ 


លោក បានបញ្ជាក់បន្ថែមថា ទោះបីជា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»  មានរយៈពេលតែ ៣០ថ្ងៃ ដោយគិតពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក៏ដោយ, មិនមែនមានន័យថាមូលនិធិឈប់ទទួលការបរិច្ចាគពីសប្បុរសជននោះទេ ដោយហេតុថាមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅតែត្រូវការថវិកាជាប្រចាំប្រមាណ ១២ម៉ឺនដុល្លារក្នុងមួយថ្ងៃ ឬ ប្រមាណ ៤០លានដុល្លារ  អាមេរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារនៅកម្ពុជា។ ក្នុងន័យនេះ និង ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងអស់បន្តចូលរួមបរិច្ចាគ ដើម្បីរួមគ្នាផ្ដល់ភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ