មនុស្ស៦នាក់បាត់ខ្លួន ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងធ្វើឡើង បន្ទាប់ពីលិចកប៉ាល់ទំនើបមួយគ្រឿង ក្នុងប្រទេសអ៊ីតាលី
អ៊ីតាលី៖ កប៉ាល់ដ៏ប្រណិតមួយគ្រឿង ត្រូវបានព្យុះកំបុតត្បូងមួយបោកបក់ធ្វើឱ្យលិច ក្នុងនោះមាន មនុស្ស១៥នាក់ត្រូវបានគេជួយសង្គ្រោះភ្លាមៗ ខណៈជនជាតិអាម៉េរិកពីរនាក់ និង ជនជាតិអង់គ្លេស៤នាក់ ស្ថិតក្នុងចំណោមអ្នកបាត់ខ្លួន ដែលរួមមាន មហាសេដ្ឋីបច្ចេកវិទ្យាអង់គ្លេស Mike Lynch លោក Jonathan Bloomer ប្រធានក្រុមហ៊ុន Morgan Stanley International និង លោក Chris Morvillo ជាមេធាវីលេចធ្លោម្នាក់ ស្របពេលដែលក្រុមអ្នកមុជទឹកជំនាញកំពុង ប្រតិបត្តិការស្វែងរក។
កប៉ាល់កម្សាន្ត «Bayesian» ដែលមានទង់ជាតិអង់គ្លេសប្រវែង៥៦ម៉ែត្រ ត្រូវបានបោះយុថ្កាប្រហែល៧០០ម៉ែត្រពីកំពង់ផែ ដោយមាននាវិក១០នាក់ និងអ្នកដំណើរ ១២នាក់នៅលើនោះ នៅពេលដែលវាត្រូវបានវាយប្រហារដោយព្យុះកំបុតត្បូងតូចមួយ។ មនុស្ស១៥នាក់នៅលើកប៉ាល់ រួមទាំងម្តាយ និងទារកអាយុ១ឆ្នាំត្រូវបានស្រង់ទៅកាន់កន្លែងសុវត្ថិភាព និងសាកសពបុរសម្នាក់ត្រូវបានគេរកឃើញប៉ុន្មានម៉ោងក្រោយមក។
កាលពីថ្ងៃអង្គារទី២០សីហា ក្រុមអ្នកមុជទឹកនៅបន្តស្វែងរកមនុស្សចំនួនប្រាំមួយនាក់ដែលនៅតែបាត់ខ្លួន ដោយបានចាប់ផ្តើមមុជចុះក្នុងសមុទ្ទទៅកាន់បំណែកដែលនៅខាងក្រោមផ្ទៃទឹកប្រហែល៥០ម៉ែត្រ។ ដោយសារតែជម្រៅជ្រៅ ការជ្រមុជទឹកនីមួយៗត្រូវបានដាក់កម្រិតត្រឹម១២នាទី រួមទាំងពីរនាទីសម្រាប់ការចុះ និងឡើង។
គួរបញ្ជាក់ថា កប៉ាល់កម្សាន្ត Bayesian ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនផលិតកប៉ាល់អ៊ីតាលី Perini Navi ក្នុងឆ្នាំ២០០៨ ដោយកប៉ាល់កម្សាន្តធ្វើឡើងពីអាលុយមីញ៉ូម ដែលថ្លៃជាងគេបំផុតនៅលើលោក៕