សម្ដេច ស ខេង ៖ សន្តិភាព ស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅរបស់ពលរដ្ឋ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅ ដ៏សុខដុមរមនារបស់ប្រជាជន។
ក្នុងពិធីបុណ្យផ្កាមហាសាមគ្គី កសាងសាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នូល ខេត្តកណ្ដាល នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សម្ដេច ស ខេង បានថ្លែងថា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន លើមាគ៌ានៃការអភិវឌ្ឍ បើទោះបីជាជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុងក្តី និងត្រូវទទួលរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្ដី។
សម្ដេច បានទាញការកត់សម្គាល់ថា «សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅ ដ៏សុខដុមរមនារបស់ប្រជាជនត្រូវបានការពារយ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីគ្នាយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា។ ក្នុងនោះពាក្យស្លោក អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ ត្រូវបានគាំទ្រដោយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទី»។
ឆ្លៀតឱកាសនោះ សម្ដេច ស ខេង ក៏បានអំពាវនាវ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុង ការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ខិតខំណែនាំ និងជំរុញប្រជាពលរដ្ឋពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា និងត្រៀមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឱ្យបានគ្រប់ៗគ្នា៕EB