ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការនីតិវិធីជ្រើសរើសក្រុមហ៊ុនសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ព្រមទាំងដោះស្រាយផលប៉ះពាល់ មុននឹងឈានដល់ការកំណត់កាលបរិច្ឆេទ ប្រារព្ធពិធីបើកការដ្ឋាន។

នាឱកាសអញ្ជើញទទួលជួបជាមួយ លោកបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ទើបតែងតាំងថ្មី ប្រចាំកម្ពុជា និងសហការី នាថ្ងៃទី៣១ ឧសភា លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ភាគីកូរ៉េ ដែលជានិច្ចកាលតែងតែជួយកម្ពុជាក្នុងការអភិវឌ្ឍស្ទើរគ្រប់វិស័យ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍធនធានមនុស្ស។


លោកទេសរដ្ឋមន្ដ្រី បន្ដថា ជាក់ស្តែង អគារមន្ទីរពិសោធន៍សំណង់ និងសាធារណការ ជាជំនួយឥតសំណង របស់ក្រសួង រៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ តាមរយៈ វិទ្យាស្ថានកូរ៉េសំណង់ស៊ីវិល និងបច្ចេកវិទ្យាសាងសង់ នៃ គម្រោងនវានុវត្តន៍ ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ ក្នុងប្រទេសកម្ពុជា។


លោកទេសរដ្ឋមន្ដ្រី គូសបញ្ជាក់ថា «មួយវិញទៀត គម្រោងសាងសង់ស្ពាន មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលនឹងក្លាយជាចំណុចទាក់ទាញមួយនៅកណ្តាលរាជធានី និងជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសទាងពីរ។ ចំពោះមុខនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការនីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់ មុននឹងឈានដល់ការកំណត់កាលបរិច្ឆេទ ប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ»។


ក្នុងជំនួបនាឱកាសនោះ លោកបណ្ឌិត ឯកអគ្គរដ្ឋទូត បានបង្ហាញសុច្ឆនៈយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាជំរុញ និងពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគឯកជន ពីប្រទេសកូរ៉េ លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យភស្តុភារកម្ម បន្ទាប់ពី លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការបញ្ចប់ផែនការមេស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មរបស់កម្ពុជា ដែលនឹងធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា កាន់តែមានការប្រកួតប្រជែងជាងមុន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ