លោក Tharman Shanmugaratnam នឹងក្លាយជាប្រធានាធិបតីទី៩ របស់សិង្ហបុរី ក្រោយទទួលជ័យជម្នះដ៏ច្រើនលើសលុបរហូតដល់៧០,៤ភាគរយ
សិង្ហបុរី៖ លោក Tharman Shanmugaratnam នឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់ប្រទេសសិង្ហបុរី ក្រោយពីទទួលបានជ័យជម្នះដ៏ច្រើនលើសលុបដោយទទួលបានសំឡេង ៧០,៤ ភាគរយ។
លទ្ធផលចុងក្រោយ ដែលត្រូវបានប្រកាសដោយមន្ត្រីរៀបចំការបោះឆ្នោតភ្លាមៗក្រោយពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី២ ខែកញ្ញា ដោយរុញឱ្យលោក Ng Kok Song ស្ថិតក្នុងលំដាប់ទី២ ដែលទទួលបាន ១៥,៧២ ភាគរយ តាមពីក្រោយដោយលោក Tan Kin Lian ដែលទទួលបាន ១៣,៨៨ ភាគរយ។ មានសន្លឹកឆ្នោតបដិសេធចំនួន ៥០.១៥២សន្លឹក ដែលបានបង្ហាញ១,៩៨ ភាគរយនៃការរាប់សន្លឹកឆ្នោតសរុប។ តួលេខនេះ ពុំមានការប្រែប្រួលច្រើនពីការរាប់គំរូដំបូងដែលបេក្ខជនទាំងបីរូបនេះ បានទទួលសំឡេងឆ្នោត ៧០ភាគរយ ១៦ភាគរយ និង១៤ ភាគរយម្នាក់ៗ។
ការរាប់សន្លឹកឆ្នោត បានចាប់ផ្តើមបន្ទាប់ពីការិយាល័យបោះឆ្នោត បានបិទទ្វារនៅម៉ោង ៨ យប់ ដោយប្រជាជនសិង្ហបុរីជាង ២.៧ លាននាក់ ត្រូវបានគេរំពឹងថាបានមកបោះឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីដែលមានប្រកួតប្រជែងលើកដំបូងរបស់ប្រទេសចាប់តាំងពីឆ្នាំ ២០១១មក៕