យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងដឹកជនចំណាកស្រុកបុកជាមួយរ៉ឺម៉កនៅលើផ្លូវហាយវេក្នុងប្រទេសម៉ិកស៊ិក
ប្រទេសម៉ិកស៊ិក៖ យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់និង មនុស្ស ៣៦ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលរថយន្តក្រុង ដឹកជនចំណាកស្រុកវេណេហ្ស៊ុយអេឡា និងអ្នកស្វែងរកសិទ្ធិជ្រកកោនជាចម្បងបានបុកជាមួយរ៉ឺម៉កនៅលើផ្លូវហាយវេក្នុងប្រទេសម៉ិកស៊ិកកាលពីថ្ងៃអង្គារ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
ការធ្លាក់នេះគឺជាសោកនាដកម្មចុងក្រោយបង្អស់ដែលកើតឡើងនៅលើផ្លូវហាយវេរបស់ប្រទេសប្រទេសម៉ិកស៊ិកជាផ្លូវ តភ្ជាប់រដ្ឋ Puebla និងរដ្ឋ Oaxaca ដែលជាផ្លូវដែលគេស្គាល់ថាត្រូវបានប្រើប្រាស់ដោយអ្នករត់ពន្ធជនចំណាកស្រុក។
អភិបាលរដ្ឋ Oaxaca លោក Salomon Jara Cruz បាននិយាយថា លោកបានណែនាំអាជ្ញាធរឱ្យផ្តល់ជំនួយដល់អ្នករបួស។លោកបានសរសេរនៅលើបណ្តាញសង្គមថា៖ «យើងសូមផ្ញើការចូលរួមរំលែកទុក្ខរបស់យើងទៅកាន់ក្រុមគ្រួសារនៃអ្នកស្លាប់ក្នុងហេតុការណ៍នេះផង។
សូមបញ្ជាក់ថាមកដល់ពេលនេះ អត្តសញ្ញាណអ្នកបើកបររថយន្តក្រុងនៅមិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ ហើយគេមិនទាន់ដឹងថាអ្នកណាជាអ្នករៀបចំការធ្វើដំណើរនោះទេ៕