រថយន្តក្រុងចំនួន២គ្រឿងបុកគ្នា ក្នុងប្រទេសបូលីវី បណ្តាលឱ្យមនុស្សយ៉ាងតិច៣៧នាក់ បាត់បង់ជីវិត
ប្រទេសបូលីវី៖ មនុស្សយ៉ាងយោចណាស់ ៣៧ បាត់បង់ជីវិត និងជិត៤០នាក់ រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងការបុកទង្គិចគ្នារវាងរថយន្តក្រុងចំនួន ២គ្រឿង ក្នុងទឹកដីភាគខាងលិចប្រទេសបូលីវី។ នេះបើតាមការរាយការណ៍របស់អាជ្ញាធរក្នុងតំបន់ Potosi។
ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃសៅរ៍ វេលាម៉ោងប្រមាណ ៧ព្រឹក នៅលើដងផ្លូវធើ្វដំណើររវាងទីក្រុង Uyuni និងទីក្រុង Colchani អំឡុងពេលរថយន្តក្រុងមួយគ្រឿងបានរ៉េចង្កូតឆ្លងចូលផ្លូវដែលមានទិសដៅផ្ទុយគ្នា បណ្តាលឱ្យបុកទង្គិចជាមួយរថយន្តក្រុងមួយផ្សេងទៀត។
ហេតុការណ៍ដ៏អកុសលនេះ បានធើ្វឱ្យអ្នកដំណើរសរុប ៣៩នាក់ត្រូវរងរបួស និងមនុស្ស ៣៧នាក់បាត់បង់ជីវិត ខណៈពេលនេះអាជ្ញាធរកំពុងព្យាយាមកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ ដែលត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យសរុបចំនួន ៤កន្លែង។
ជុំវិញរឿងនេះ មានសាក្សីបានអះអាងថា អ្នកបើកបររថយន្តក្រុងម្នាក់ក្នុងចំណោមអ្នកបើកបរដែលរស់រានទាំងពីររថយន្ត គឺ បានទទួលទានគ្រឿងសាវឹង និងមានស្មារតីមិនហ្នឹងនរ។
គួរជម្រាបថា ស្ថានភាពផ្លូវធើ្វដំណើរនៅក្នុងតំបន់ជ្រលងភ្នំ Potosi គឺមិនសូវជាមានលក្ខណៈស្តង់ដានោះឡើយ ហើយកត្តានេះបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងជាញឹកញាប់ និងបានឆក់យកអាយុជិវិតមនុស្សជាមធ្យមប្រមាណ ១៤០០នាក់នៅក្នុងមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរ៕