កូរ៉េខាងត្បូង ៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃអង្គារ ដែលជាការសាកល្បងអាវុធចុងក្រោយបំផុត ខណៈពេលដែលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (ហៅកាត់ JCS) បាននិយាយថា កាំជ្រួចត្រូវបានបាញ់នៅម៉ោងប្រហែល ៧:៣០ ព្រឹក (2240 GMT នៅថ្ងៃចន្ទ) ពីខេត្ត Hwanghae ភាគខាងត្បូង នៅជិតឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេស។ JCS បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាកូរ៉េខាងត្បូងបានស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ និងរក្សាជំហរត្រៀមខ្លួនពេញលេញ ក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។


ជាមួយគ្នានេះផងដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា ប្រទេសជប៉ុនកំពុងប្រមូលព័ត៌មានអំពីមីស៊ីលនេះ ហើយថាពួកគេមិនបានបញ្ជាក់ពីការខូចខាតណាមួយនៅក្នុងប្រទេសពាក់ព័ន្ធនឹងការបាញ់បង្ហោះនោះទេ។

ការបាញ់បង្ហោះនេះកើតឡើង ២ថ្ងៃ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងនូវអ្វីដែលខ្លួនហៅថាកាំជ្រួច Cruise យុទ្ធសាស្ត្រ ២ ពីនាវាមុជទឹក ហើយតិចជាងមួយសប្តាហ៍បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធាបង្កើនសមយុទ្ធដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹង "សង្រ្គាមពិតប្រាកដ" ប្រសិនជាចាំបាច់។

កងកម្លាំងកូរ៉េខាងត្បូងនិងអាមេរិក បានចាប់ផ្តើមសមយុទ្ធរួមគ្នារយៈពេល ១១ ថ្ងៃ ដែលត្រូវបានគេហៅថា "ខែលការពារសេរីភាព ២៣ (Freedom Shield 23)" កាលពីថ្ងៃចន្ទ ដែលនឹងធ្វើឡើងក្នុងកម្រិតមួយដែលមិនធ្លាប់មានតាំងពីឆ្នាំ ២០១៧ ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់កូរ៉េខាងជើង។


គួរបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើការសាកល្បង និងសមយុទ្ធកាំជ្រួចជាច្រើនក្នុងឆ្នាំមុន ក្នុងអ្វីដែលខ្លួននិយាយថា ជាការខិតខំប្រឹងប្រែងដើម្បីជំរុញការទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួន និងធ្វើឱ្យសព្វាវុធកាន់តែមានប្រតិបត្តិការពេញលេញ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ