ពាក់កណ្តាល់ឆ្នាំ២០២៣ លទ្ធផលជំរឿន ចុងក្រោយនេះ កត់ត្រាបានសត្វក្រៀល មានចំនួនខ្ពស់បំផុតគឺ១៨០ក្បាល
ភ្នំពេញ៖ លទ្ធផលជំរឿន ចុងក្រោយនេះ កត់ត្រាបានសត្វក្រៀល មានចំនួនខ្ពស់បំផុត ក្នុងខែកុម្ភៈគឺ១៨០ក្បាល។ សម្រាប់ តួលេខថ្មីនេះ បង្ហាញសញ្ញាវិជ្ជមាន បើប្រៀបធៀប ទៅនិងលទ្ធផលឆ្នាំ២០២២ ដែលរាប់បានតែ១៥៦ក្បាល និងឆ្នាំ២០២១រាប់ បានតែ១៦១ក្បាល។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន។
លោក នេត្រ ភក្រ្តា បានឱ្យដឹង នាថ្ងៃទី ៣០ ខែ កក្កដា ថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC), អង្គការសមាគមនអភិរក្សសត្វព្រៃ (WCS), អង្គការមូលនិធិសត្វក្រៀល (ICF) បានធ្វើជំរឿនសត្វក្រៀលនៅប្រទេសកម្ពុជាឆ្នាំ២០២៣នៅតាមទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជានិងវៀតណាមដូចជាតំបន់ដីសណ្តរទន្លេមេគង្គ តំបន់ជំវិញបឹងទន្លេសាប និងតំបន់ព្រៃរបោះខ្ពង់រាបភាគខាងជើងនិងឥសាន្ត។
កាលបរិច្ឆេទនៃការធ្វើជំរឿងសត្វក្រៀលនៅប្រទេសកម្ពុជាគឺធ្វើឡើងនៅខែធ្នូ មករា កុម្ភះ មីនា មេសា និង ខែ ឧសភា។លទ្ធផលជំរឿនចុងក្រោយនេះកត់ត្រាបានក្រៀលចំនួនខ្ពស់បំផុតក្នុងខែកុម្ភះគឺ១៨០ក្បាល តួលេខថ្មីនេះបង្ហាញសញ្ញាវិជ្ជមានបើប្រៀបធៀបទៅនិងលទ្ធផលឆ្នាំ២០២២ដែលរាប់បានតែ១៥៦ក្បាល និងឆ្នាំ២០២១រាប់បានតែ១៦១ក្បាល។ សត្វក្រៀល២ក្បាលបានកត់ត្រាបានក្នុងប្រទេសវៀតណាមក្នុងកំឡុងពេលជំរឿននេះ។
សំបុករបស់សត្វក្រៀលដែលជាសត្វកំពុងរងការគំរាមកំហែងជាសាកលមួយសំបុករួមទាំងសត្វក្រៀលពេញវ័យមួយគូ ត្រូវបាន់រគេប្រទះឃើញរស់នៅក្នុងទីជម្រកវាលទំនាបនៃតំបន់ទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ។ នេះជារបកគំហើញថ្មីបំផុតផ្អែកតាមសេចក្តីរាយការណ៍ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ ពីក្រុមអ្នកវិទ្យាសាស្ត្ររបស់មន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជា។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់អំពីវត្តមានរបស់សត្វក្រៀលមួយសំបុកនេះនៅក្នុងតំបន់នៃដែនជម្រក បន្ទាប់ពីពួកគេបានទទួលព័ត៌មានអំពីវត្តមានសត្វនេះពីប្រជាជនសហគមន៍ហើយបានចុះពិនិត្យ និងបានកត់ត្រាដល់ទីតាំងក្នុងតំបន់ទីជម្រកនោះ៕