ផ្ទុះការរិះគន់សាជាថ្មីម្តងទៀត ពីសំណាក់មហាជន ក្រោយរថយន្តសេរីទំនើប Ferrari ពាក់ស្លាកលេខខេមរភូមិន្ទ
(ភ្នំពញ) ៖ ក្រោយពីរូបភាពរថយន្តសេរីទំនើប Ferrari ពាក់ស្លាកលេខខេមរភូមិន្ទ ត្រូវបានចែកចាយតាមបណ្តាញសង្គម ភ្លាមៗគេក៏បានឃើញមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ក្នុងនោះ សូម្បីតែមន្ត្រីរាជការមួយចំនួនក៏ចេញមុខរិះគន់ថា «សូមសរសើរក្រសួងការពារជាតិ, ទិញសុទ្ធតែរថយន្ត Ferrari ឲ្យមន្ត្រីនាយទាហានរបស់ខ្លួនជិះ....ឯងបម្រើការងាររាជការដែរ ជិះឡានផ្ទាល់ខ្លួនកញ្ចាស់ទៅធ្វើការបំរើជាតិ»។
មហាជនអ្នកលេងបណ្តាញសង្គមហ្វេសបុកមួយចំនួនទៀត ក៏បានលើកឡើងថា «ប្រាក់ខែដូចជាតិចទេ តើបងសន្សំលុយប៉ុន្មានលានឆ្នាំទើបទិញបាន» ។ គួររំលឹកផងដែរ ទាក់ទងនឹងរថយន្តសេរ៊ីទំនើប តម្លៃថ្លៃពាក់ស្លាកលេខរដ្ឋនេះ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏ធ្លាប់បានសរសេរប្រតិកម្មម្តងរួចមកហើយ ដោយលោកបានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក មានខ្លឹមសារថា “ ខ្ញុំគិតថា មានដល់ឡាននេះជិះហើយ មិនគួរប្រើលេខរដ្ឋទេ!” ការប្រតិកម្មបែបនេះ គឺដោយលោក បានឃើញការបង្ហោះរូបភាពរថយន្តស៊េរីទំនើបថ្លៃផុតលេខ១គ្រឿង ម៉ាក rolls-royce ពាក់ស្លាកលេខនគរបាល ហើយបន្ទាប់ពីការប្រតិកម្មរបស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មន្ត្រីជំនាញរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបំភ្លឺថា ជារថយន្តពាក់ស្លាកលេខក្លែងក្លាយ ៕SP