រដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ នៅក្នុងពេលចុះសិក្សាស្រាវជ្រាវពីផលចាប់ត្រី ដែលនេសាទបានដោយឧបករណ៍លបឡុក ដោយមានការចូលរួមពីសំណាក់មន្រ្តីខណ្ឌរដ្ឋបាលជលផលសៀមរាប កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានលែងពស់ថ្លាន់ចំនួន៥ក្បាល ចូលទៅក្នុងព្រៃលិចទឹកដែលជាទីជម្រកធម្មជាតិវិញ នៅតំបន់ចុងឃ្នៀស ស្រុកសៀមរាប ខេត្តសៀមរាប។
លោក ស្រី កែវសុភៈ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានថ្លែងថា ពស់ថ្លាន់ចំនួន៥ក្បាលនេះ គឺបានមកពីអ្នកនេសាទ ដែលគាត់ស្ម័គ្រចិត្តយកមកលែង ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ខណ្ឌរដ្ឋបាលជលផលសៀមរាប ដើម្បីអភិរក្ស និងបង្កើនផលស្តុកនៅក្នុងទីជម្រកធម្មជាតិ ឲ្យសម្បូរឡើងវិញ។លោក កែវសុភៈ ក៏បានធ្វើការអំពាវនាវដល់ប្រជានេសាទថា៖ «ខ្ញុំសូមសំណូមពរដល់ប្រជានេសាទទាំងអស់ បើចាប់បានពពួកប្រភេទសត្វកម្រ ឬពពួកត្រីកម្រ ដូចជាត្រីគល់រាំង ត្រីរាជជាដើម សូមមេត្តាផ្តល់ដំណឹងទៅអាជ្ញាធរដែនដី និងខណ្ឌរដ្ឋបាលជលផល ដើម្បីយកទៅលែងក្នុងតំបន់អភិរក្ស ឬទីជម្រកធម្មជាតិវិញ»។
បឹងទន្លេសាបក្នុងប្រទេសកម្ពុជា គឺចំណុចស្នូលនៃជីវៈចម្រុះដ៏សម្បូរបែប។ ជាពិសេស ត្រីទឹកសាប ច្រើនជាង ៣០០ប្រភេទ។ ព្រៃលិចទឹក ភូមិបណ្តែតទឹក ផ្ទះជើងសសរខ្ពស់ៗ និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជានេសាទ គឺជាប៉ូលទាកទាញទេសចរណ៍ដ៏សំខាន់។ ការបាត់បង់ព្រៃលិចទឹក ជីវៈចម្រុះអាចនឹងបាត់បង់តាមដែរ។ សូមជួយថែរក្សាព្រៃលិចទឹក ដើម្បីនិរន្តរភាពនៃជីវៈចម្រុះ និងទេសចរណ៍៕SP