លោក ឆន ច័ន្ទវិរៈ ហៅលោកគ្រូ អាថាន់ បានប្រកាសទទួលស្គាល់កំហុសជាសាធារណៈនៅលើបណ្ដាញសង្គម ដែលចង់ប្តូរឈ្មោះ «ល្បុក្កតោក្មេងវត្តថាន់» របស់ខ្លួន ទៅជា «បុក្កតោ» ដោយលោកសូមការអនុគ្រោះ ក្រោយពេលប្រតិកម្មយ៉ាងខ្លាំងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក៏ដូចជាមហាជនទូទៅ។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានប្រតិកម្មថា សូមឱ្យកែសម្រួលឡើវវិញជាបន្ទាន់ នេះជាវិទ្ធង្សនាវប្បធម៌ និងយុទ្ធគុនអត្តសញ្ញាណជាតិ ព្រលឹងជាតិ ដែលត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចុះបញ្ជីបេតិកភណ្ឌជាតិរួចហើយនូវពាក្យថា «ល្បុក្កតោ» និងមានកំណត់ត្រាក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជាពិសេសគឺសំណើរដាក់ក្នុងបញ្ជីបេតិកភណ្ឌ អរូបី នៃមនុស្សជាតិរបស់អង្គការ UNESCO រួចហើយ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាល្បុក្កតោនឹងចាត់វិធានការតាមផ្លូវច្បាប់។

លោក ឆន ច័ន្ទវិរៈ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនវិញយ៉ាងដូច្នេះថា «សូមគោរពឯកឧត្តម លោកជំទាវ ពុកម៉ែបងប្អូន និងព្រឹទ្ធាចារ្យក្បាច់គុនទាំងអស់ជាទីគោរព ទាក់ទងនឹងក្បាច់គុនដោយប្រើពាក្យក្បាច់គុនល្បុក្កតោឱ្យដូរទៅជា «ក្បាច់គុនបុក្កតោ» ខ្ញុំនឹងធ្វើការកែប្រែឱ្យទៅជា «ក្បាច់គុនល្បុក្កតោ»វិញ ខ្ញុំបាទ ឆន ច័ន្ទវិរៈ ហៅលោកគ្រូអាថាន់រាល់ការខុសឆ្គងទាំងឡាយណា ដែលកើតឡើង គឺខ្ញុំទទួលទាំងអស់ពុំមានជាប់ទាក់ទងនឹងបុគ្គលមួយណាឡើយ។ ខ្ញុំអត់ចង់ធ្វើការបកស្រាយនិយាយវែកញែកវែងឆ្ងាយបន្តទៀតទេ ខ្ញុំសូមបញ្ឈប់ត្រឹមនេះ។ អាស្រ័យហេតុនេះសូមឯកឧត្តម លោកជំទាវ ពុកម៉ែបងប្អូន និងលោកគ្រូព្រឹទ្ធាចារ្យក្បាច់គុនទាំងអស់សូមអនុគ្រោះដោយក្តីគោរពអំពីខ្ញុំ « ក្បាច់គុនល្បុក្កតោ«។

លោកគ្រូក្រមាមាសបន្តថា អក្សរគុនល្បុក្កតោ គឺទទួលស្គាល់ពីក្រសួងពាក់ព័ន្ធទាំងអស់ ជាពិសេសរាជរដ្ឋាភិបាលបានដាក់អក្សរគុនល្បុក្កតោនេះ ក្នុងបញ្ជីបេតិកភណ្ឌ អរូបី នៃមនុស្សជាតិ UNESCO រួចហើយ ក្នុងឆ្នាំ២០១២ បើលោកចង់កែអក្សរសាស្រ្តនេះសូមមេត្តាដាក់ពាក្យទៅក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ជាមុនសិន ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ