ឆមាសទី១ ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងតំបន់អង្គរ ជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន ៦៨៣សំណើ
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន ៦៨៣សំណើ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១ កក្កដា នេះថា «លទ្ធផលការងារសហគមន៍របស់ អាជ្ញាធរជាតិអប្សរា នៅឆមាសទី១ ឆ្នាំ២០២២ បានចុះផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចទាំង៥ ស្រុក/ក្រុង ក្នុងតំបន់រមណីយដ្ឋានអង្គរ បានចំនួន ៩២៧សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន ៦៨៣សំណើ»។
អាជ្ញាធរជាតិអប្សរា បានរៀបរាប់ថា ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាន៖ នៅស្រុកប្រាសាទបាគងចំនួន ៩៧សំណើ, ស្រុកអង្គរធំចំនួន ៤៣សំណើ, ស្រុកពួកចំនួន ១៥២សំណើ និងក្រុងសៀមរាបចំនួន ២៦៩សំណើ, ស្រុកបន្ទាយស្រីចំនួន ១១៩សំណើ និងក្រៅតំបន់រមណីយដ្ឋានអង្គរចំនួន ៣សំណើ សរុបចំនួន ៦៨៣សំណើ។
អាជ្ញាធរជាតិអប្សរា បានបន្ថែមថា ជាក់ស្តែង មានបញ្ហាប្រឈមមួយចំនួន ដូចជា៖ ការជួសជុល ឬសាងសង់មុនការចុះពិនិត្យរបស់ក្រុមការងារ។ ការប្រកាសលក់ដី ក្នុងតំបន់ការពារតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេកប៊ុក និងការដាក់ស្លាក (លក់ដី) ផ្ទាល់ក្នុងតំបន់ការពារនៅតែមាន។
លើសពីនេះ ជាគោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែមានប្រសិទ្ធិភាពទាន់ពេលវេលា។ សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕EB