សៀមរាប ៖ ថ្មភក់រាងបួនជ្រុង ទំហំ៥៣សង់ទីម៉ែត្រ គុណនិង ៥៣សង់ទីម៉ែត្រ និងកម្រាស់ ១២សង់ទីម៉ែត្រ ដែលគេស្គាល់ជាទូទៅថាជា «ថ្មបញ្ចុះសីមា» ត្រូវបានរកឃើញទើនៅលើខ្លោងទ្វារពេលរុះរើផ្នែកខាងលើ នៃរចនាសម្ពន្ធសំណង់ខ្លោងទ្វារតាកាវ ដើម្បីជួសជុល។

នៅលើថ្មបញ្ចុះមានរន្ធជាច្រើន ដែលរន្ធរាងមូលធំមួយនៅចំកណ្តាលនៃផ្ទៃថ្មព័ទ្ធជុំវិញដោយរន្ធរាងបួនជ្រុងស្មើនៅតាមទិសទាំង៨ និងនៅជ្រុងឦសានដែលជាទិសសំខាន់នៅក្នុងជំនឿខ្មែរតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន ត្រូវបានគេដាប់រន្ធបួនជ្រុងបន្ថែមមួយទៀតនៅចន្លោះរន្ធមូលកណ្តាល និងរន្ធបួនជ្រុងនៅទិសឦសាន។

រន្ធទាំងអស់ព័ទ្ធពីក្រៅដោយជញ្ជាំងថ្មភក់ ដែលជញ្ជាំងនេះត្រូវបានកាត់ផ្តាច់ចេញជា៤ជ្រុងដោយចង្អូរនៅតាមអ័ក្សសំខាន់ទាំងបួន។ នៅពីលើផ្នែកខ្ពស់មានរន្ធតូចៗ រាងបួនជ្រុងចំនួន៣៤ ដែលគេដាប់រាក់ល្មមចំនួន១០នៅជ្រុងឦសាន ៩នៅជ្រុងអាគ្នេយ៍ ៧នៅជ្រុងនិរតី និង៨នៅជ្រុងពាយ័ព្យ។

 

លោក គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ថ្មបញ្ចុះសីមាភាគច្រើនប្រទះឃើញនៅកណ្ដាលបាតប្រាសាទ ប៉ុន្តែ វាច្រើនមានកម្រាស់ក្រាស់ និងដោយនៅផ្នែកខាងលើកំពូលគឺស្ដើងដូចថ្មដែលបានរកឃើញ។

លោក បានប្រៀបធៀបជំនឿ និងទំនៀមទម្លាប់នៃការបញ្ចុះថ្មសីមា ទៅនិងសំណង់ផ្ទះលំនៅដ្ឋានខ្មែរជាមួយនឹងការចងក្រណាត់ពណ៌ក្រហម (យ័ន្ត)នៅចំកណ្តាលមេដំបូលដែលទើបតែសាងសង់ថ្មីដើម្បីការពារផ្ទះផងដែរ។  លោកថា ថ្មបញ្ចុះ ដែលរកឃើញនៅពេលជួសជុលត្រូវបានបញ្ចុះកាលដើមឡើយនៅលើកំពូលប្រាង្គកណ្តាល ប៉ុន្តែ វាបានរលុះធ្លាក់មកទើរនៅពាក់កណ្តាលនៃខ្លោងទ្វារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ