អភិបាលខេត្តពោធិ៍សាត់ ស្នើរអោយផ្អាករថយន្តធុនធំធ្វើចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៥ ដោយសារទឹកជន់លិច
រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចហាមរថយន្តធុនធំធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ចាប់ពីគីឡូម៉ែត្រលេខ១៨៦ ដល់គីឡូម៉ែត្រលេខ១៩៣ ដោយសារជំនន់ទឹកភ្លៀងបានជន់លិចលើកំណាត់ផ្លូវនេះ។
ក្នុងសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ដោយស្ថានភាពទឹកទំនន់ក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់រយះពេល៦ថ្ងៃមកនេះ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បង្កឲ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ចំនួន ៥ក្រុង/ស្រុក។
នៅក្នុងក្រុងពោធិ៍សាត់ បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឲ្យលិចលង់ផ្លូវមួយចំនួន នៅក្នុងក្រុងពោធិ៍សាត់ ជាពិសេសលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច គីឡូម៉ែត្រ១៨៦ ដល់គីឡូម៉ែត្រ ១៩៣ ត្រូវបានលិច។ព្រោះតែការជន់លិចនេះរដ្ឋបាលខេត្ត សម្រេចផ្អាកការធ្វើចរាចរណ៍ទាំងស្រុងចំពោះរថយន្តធុនធំ ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕SP