អាកាសចរណ៍ស៊ីវិលកម្ពុជាគាំទ្រដល់សំណើរបស់ក្រុមហ៊ុនFedEx ដែលមានគម្រោងហោះហើរដឹកទំនិញចេញ-ចូលកម្ពុជាក្នុងខែមិថុនា ឆ្នាំ២០២១ខាងមុខ
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានប្រាប់ដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាថា កម្ពុជាគាំទ្រដល់ សំណើរបស់ក្រុមហ៊ុន FedEx ដែលមានគម្រោងហោះហើរដឹកទំនិញចេញ-ចូលកម្ពុជា(Cargo/Freight) នៅក្នុងខែមិថុនា ឆ្នាំ២០២១ខាងមុខ។
ការលើកឡើងរបស់លោករដ្ឋមន្រ្ដីនេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងតំណាងស្ថាប័នស្ថានពាណិជ្ជកម្ម នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
លោក W.Patrick Murphy បានលើកឡើងពីគោលបំណង ដើម្បីឈ្វេងយល់ពីការ វិវត្តនៃវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា និងការវិវត្តនៃការត្រៀមខ្លួនសម្រាប់ការចូល ជាសមាជិកអនុសញ្ញាខេបថោន(ស៊ីធីស៊ី) ព្រមទាំងការទទួលបាន ការគាំទ្រដល់សំណើររបស់ក្រុមហ៊ុន FedEx ដែលមានគម្រោងហោះហើរដឹកទំនិញចេញ-ចូលកម្ពុជា។
កម្ពុជានឹងពិនិត្យឡើងវិញលើអនុសញ្ញាខេបថោនដោយពិនិត្យលើក្រុមការងារត្រូវខិតខំបង្កើនល្បឿនដើម្បីឱ្យទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក៏បានស្នើសុំឱ្យភាគីសហរដ្ឋអាមេរិកជួយផ្តល់ជំនួយបច្ចេកទេស និងអ្នកជំនាញការជួយតម្រង់ទិសដល់ក្រុមការងារអាកាសចរស៊ីវិលឱ្យសម្រេចបានលទ្ធផលទៅតាមផែនការរបស់ខ្លួន៕