ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ថ្កោលទោស ចំពោះករណី ឧកញ៉ា ស្រី ស៊ីណា បាញ់មនុស្សស្លាប់និងរបួស នៅក្នុងបុរីប៉េងហួតបឹងស្នោ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីមុខងារសាធារណៈ បានចេញមកថ្កោលទោស ទៅលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃ ពីសំណាក់ជនដៃដល់ ដែលមានងារជាឧកញ៉ាផង ដកកាំភ្លើងបាញ់ប្រហារមនុស្សឱ្យស្លាប់និងរងរបួស នៅក្នុងបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រលប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានសរសេររៀប រាប់យ៉ាងដូចច្នេះថា «ខ្ញុំមានក្តីតក់ស្លុត ដែលបានទទួលព័ត៌មានអំពីហេតុការណ៍ដ៏រន្ធត់មួយ ដែលបានបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន ០២ នាក់ គឺប្អូនប្រុស លីសុង និងគូដណ្តឹង។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពរបស់ប្អូនទាំងពីរ។
ខ្ញុំពិតជាសោកស្តាយ ចំពោះការបាត់បង់ជីវិតយ៉ាងផុយស្រួយបំផុត ដែលផ្តើមចេញពីជម្លោះរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ក្លាយជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។ យើងពិតជាមិនចង់ឱ្យហេតុការណ៍នេះ កើតឡើងនោះឡើយ និងថ្កោលទោសជាដាច់ខាត លើទង្វើបំពានលើជីវិតមនុស្ស យ៉ាងព្រៃផ្សៃបែបនេះ។
ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំង មានសមត្ថកិច្ចដែលបានខិតខំតាមចាប់ជនល្មើស ដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់។
យើងគួរតែមានការយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាសង្គមដែលកាន់ព្រះពុទ្ធសាសនា ដែលប្រកាន់ខ្ជាប់នូវសីលធម៌ និងខន្តី។ ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ ដើម្បីសង្គមកម្ពុជាមានភាពសុខដុមរមនា និងសុភមង្គល»។
សូមរំលឹកថា ជនដៃដល់ ដែលជាខ្មាន់កាំភ្លើង បាញ់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឱ្យស្លាប់និងរងរបួស នៅក្នុងបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បានហើយទោះបីខំរត់គេចទៅស្រុកអង្គស្នួល ខេត្តកណ្តាល នៅវេលាម៉ោងប្រមាណ ៦ល្ងាចនេះ។ ហើយជនដៃដល់រូបនេះ មានងារជាឧកញ៉ាបន្ថែមទៀត គឺឧកញ៉ា ស្រី ស៊ីណា។
សូមរំលឹកថា តាមចម្លើយរបស់សាក្សីដែលជាជនរងគ្រោះម្នាក់នៅក្នុងហេតុការណ៍នោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ និងម្ចាស់ផ្ទះជនរងគ្រោះកំពុងតែបំពេញកាងារ សុខៗក៏ស្រាប់តែលេចមុខជនល្មើសដើរលបចូលមកក្នុងផ្ទះរួចនិយាយគ្នាចុះឡើងរឿងព្រំប្រទល់ដី រហូតដល់តឹងសសៃករដាក់គ្នា។
ភ្លាមៗស្រាបប់តែ ជនល្មើសទ្រាំមិនបានក៏ដកកាំភ្លើងខ្លីពីចង្កេះបាញ់ជាច្រើនគ្រាប់តែម្ដង រួចក៏រត់គេចខ្លួនតាមរថយន្ត៕