(មានវីដេអូ)៖ សម្តេចក្រឡាហោម ស ខេង ហាមមិនឱ្យមន្ត្រីទាំងអស់ប្រើប្រាស់រថយន្តទៅធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើស ដើម្បីបម្រើផលប្រយោជន៍បុគ្គល ព្រោះរថយន្តទាំងនេះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ
សម្តេចក្រឡាហោម សខេង ហាមមិនឱ្យប្រើប្រាស់រថយន្តទាំងនេះទៅធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើសផ្សេងៗ ចៀសវាងបម្រើផលប្រយោជន៍បុគ្គល ព្រោះរថយន្តទាំងនេះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលត្រូវចុះបញ្ជីសារពើ ជាទ្រព្យសម្បត្តិរដ្ឋ ជាមួយគ្នានេះសម្តេចបានបញ្ជាក់ទៀត ថាត្រូវប្រើប្រាស់រថយន្តទាំងនេះឱ្យចំគោលដៅ យកចិត្តទុកដាក់ថែទាំ។សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកឡើងដូច្នេះក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ត ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលឹកថាកន្លងមក ក្រសួងមហាផ្ទៃបានផ្ដល់ជូនរថយន្តចំនួន៣លើករួចមកហើយដល់បណ្ដាស្នងការដ្ឋាន អធិការដ្ឋាន និវរៈការពារព្រំដែន ដោយបានប្រើប្រាស់ថវិកាសន្សំពីចំណែកមួយនៃថវិកាជាតិដែលរាជដ្ឋាភិបាលបានផ្ដល់មកក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា ការបំពាក់មធ្យោបាយបម្រើឲ្យកិច្ចប្រតិបត្តិការ នៅតាមបណ្ដាអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ពីចុងឆ្នាំ២០១៩មក សម្ដេចក្រឡាហោម បានផ្ដល់នូវរថយន្តចំនួន៣លើក សរុបចំនួន៩៥គ្រឿង ហើយព្រឹកនេះ គឺជាលើកទី៤ សម្ដេចក្រឡាហោមបានផ្ដល់រថយន្តចំនួន៥០គ្រឿង ជូនបណ្ដាអធិការនគរបាលស្រុកដាច់ស្រយាលនៅតាមខេត្តចំនួន១៩ រួមមាន៖ ខេត្តព្រៃវែង, បាត់ដំបង, បន្ទាយមានជ័យ, ស្ទឹងត្រែង, ពោធិ៍សាត់, ព្រះវិហារ, កណ្ដាល, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, តាកែវ, កំពត, ព្រះសីហនុ, កោះកុង, កំពង់ធំ, សៀមរាប និងខេត្តរតនគិរី៕SP