ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំម្ចាស់ ឬនាយករោងចក្រ សហគ្រាសអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី៧ កញ្ញា នេះ លោក អ៊ិត សំហេង បានថ្លែងបញ្ជាក់ថា «សូម លោក លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាសអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងរយៈពេល បីថ្ងៃ គឺថ្ងៃទី២៤-២៥ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២»។

លោក បន្ដថា ចំពោះរោងចក្រ សហគ្រាសទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នា ក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាស នោះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យ នីមួយៗដោយផ្លាស់វេនគ្នា។

លើសពីនេះ លោករដ្ឋមន្ដ្រី បន្ថែមថា កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌនេះ មានសិទ្ធិទទួលនូវប្រាក់ បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សា ទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ