ក្រសួងការងារ ស្នើឲ្យ ម្ចាស់រោងចក្រ-សហគ្រាស អនុញ្ញាតឲ្យកម្មករ ឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ចំនួន៣ថ្ងៃ ដោយមានប្រាក់ឈ្នួល
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ស្នើឲ្យម្ចាស់រោងចក្រ សហគ្រាសទាំអស់ ត្រូវអនុញ្ញាតឲ្យកម្មករកម្មករ និយោជិតរបស់ខ្លួន ឈប់សម្រាក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចំនួន៣ថ្ងៃ (១៦-១៨) ខែកញ្ញា ឆ្នាំ២០២០ ដោយមានប្រាក់ឈ្នួល។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា “សូមលោក លោកស្រី អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងរយៈពេលបីថ្ងៃគឺថ្ងៃទី១៦-១៧ និងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០”។
ក្រសួងបន្តថា ចំពោះរោងចក្រ សហគ្រាស ទាំងឡាយណា ដែលមានកម្មវត្ថុអាជីវកម្ម មានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យ នៃកម្មករនិយោជិតទាំងអស់ព្រមគ្នា ក្នុងពេលតែមួយនាំឱ្យ ខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាសនោះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិត បានឈប់សម្រាកទៅតាម ថ្ងៃបុណ្យនីមួយៗដោយផ្លាស់ប្តូរគ្នា។
ក្រសួងបញ្ជាក់ថា ក្នុងករណី មានការព្រមព្រៀងគ្នា រវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុង របស់រោងចក្រ សហគ្រាស ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិត អាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យ ដូចមានកំណត់ក្នុងប្រកាស របស់ក្រសួងលេខ ៣៩៩/១៩ ក. .ឆ.ក។ កម្មករនិយោជិតដែលធ្វើការ ថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់ បន្ថែមដែលមានចំនួន ស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា ៕EB