ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហុន សម្រេចការងារសាងសង់ស្ទើរតែ១០០% ខណៈបើកដំណើរការបណ្ដុះអាសន្ន នៅខែតុលា
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះផ្លូវល្បឿនលឿន ភ្នំពេញ- ព្រះសីហុន សម្រេចការងារសាងសង់រួចរាល់ស្ទើរតែ ១០០%ហើយ ខណៈការងារនៅសល់បន្តិចបន្តួច ក្រុមហ៊ុននឹងសាងសង់ឱ្យបានរួចរាល់ មុនពេលបើកដំណើរជាបណ្តោះ អាសន្ន ឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃចំនួន១ខែ នៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ រួមទាំងក្រុមហ៊ុនសាងសង់ ចុះពិនិត្យលើកចុងក្រោយលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មុននឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នក្នុងពេលឆាប់ៗនេះ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ពីការប្រើប្រាស់ល្បឿនលើផ្លូវនេះផងដែរ។លោករដ្ឋមន្ត្រី បានបញ្ជាកើថា សម្រាប់រថយន្តគ្រួសារ ដែលជារថយន្តតូចអាចបើកបរល្បឿនខ្ពស់បំផុត ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈដែលល្បឿនទាបបំផុត ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះរថយន្តកុងតឺន័រ ដែលមានសណ្តោងអនុញ្ញាតឱ្យប្រើប្រាស់ល្បឿនត្រឹមតែ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈរថយន្តធំអត់មានសណ្តោង អាចឱ្យប្រើប្រាស់ល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។
បើតាម លោកទេសរដ្ឋមន្ត្រី រថយន្តដឹកទំនិញធុនធំ គឺតម្រូវឱ្យបើកដោយប្រកាន់ស្តាំជានិច្ច មិនអាចបើកលើគន្លងខាងឆ្វេងដោយប្រើពេលយូរបាននោះទេ ខណៈឡានតូច អាចប្រើប្រាស់បាន ក្នុងករណីដែលមិនមានឧបសគ្គនៅខាងមុខ។ ជាមួយគ្នានោះ រថយន្តដែលបើកលើផ្លូវនេះ ដាច់ខាតត្រូវមានសុពលភាពឆៀកបានត្រឹមត្រូវ ទើបអាចបើកលើផ្លូវល្បឿនលឿននេះបាន។
សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕