ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ ត្រូវការធនធានមនុស្សដែលមានលក្ខណសម្បត្តិនិងគុណវុឌ្ឍសមស្រប ទាំងជំនាញរឹង ទាំងជំនាញទន់ តាមរយៈការបណ្តុះ បណ្តាលដ៏ត្រឹមត្រូវនិងមានគុណភាព ដើម្បីបំពេញភារកិច្ចទទួលខុសត្រូវនៅតាម អង្គភាពសាមីរបស់ខ្លួនឱ្យបានល្អប្រសើរ។

ការបញ្ជាក់នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលដល់សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ជំនាន់ទី១៥លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង ត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «បើក្មួយៗ មិនចេះជំនាញនគរបាល តើក្មួយៗធ្វើការងារនគរបាលដោយរបៀបណា? ហេតុនេះទោះបីក្នុងកាលៈទេសៈណាក៏ដោយ ក្រសួងមហាផ្ទៃ បានដាក់កាតព្វកិច្ចដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវតែឆ្លងកាត់វគ្គ បណ្តុះបណ្តាលជំនាញនគរបាលជាដាច់ខាត ដោយគ្មានការលើកលែងនោះទេ។

សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់សិស្សជានគរបាលជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹងជំនាញ ទៅប្រើប្រាស់ឲ្យមានប្រយោជន៍ ដល់អង្គភាពព្រមទាំងការពារសង្គមជាតិ ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ។

លើសពីនេះ សម្ដេចក្រឡាហោម សខេង ក៏បានផ្តល់នូវអនុសាសន៍ណែនាំដល់សិស្សជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹងនិងជំនាញ ទៅប្រើប្រាស់ ឲ្យមានប្រយោជន៍ដល់អង្គភាព ការពារនិងប្រជាជនក្នុងសង្គមជាតិ ព្រមទាំងគោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ត្រូវមានអត្តចរិតល្អ ដើម្បីធ្វើជាមន្ត្រីនគរបាលល្អរបស់ប្រជាជន ក្នុងការបម្រើសេវាសាធារណៈ រក្សាបាននូវសន្តិសុខ សុវត្ថិភាពសង្គម និងភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ