ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើអ្នកប្រើប្រាស់បណ្តាញសង្គមលុបចេញ រូបភាពមិនមានប្រភពច្បាស់លាស់ កែច្នៃ ពាក់ព័ន្ធនឹងសត្វផ្សោតឃ្លៀច (ផ្សោតពណ៌ផ្កាឈូក) នាំឱ្យមានការភ័ន្តច្រឡំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលជលផល នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។

រដ្ឋបាលជលផល បានសង្កេតឃើញថា ថ្មីៗនេះមានការផ្សព្វផ្សាយ និងចែករំលែកក្នុងបណ្តាញ សង្គមយ៉ាងផុសផុល អំពីការប្រទះឃើញផ្សោត ឬត្រីដូហ្វីនពណ៌ផ្កាឈូក នៅសមុទ្រកម្ពុជា ត្រង់ចំណុចពាក់កណ្តាលផ្លូវកំពង់សោម និងកោះរ៉ុង ដោយភ្ជាប់នូវរូបភាពសត្វផ្សោតឃ្លៀច (ផ្សោតពណ៌ផ្កាឈូក) ដែលមានប្រភពមិនច្បាស់លាស់ ។

ករណីនេះ រដ្ឋបាលជលផល បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅក្នុងសមុទ្រកម្ពុជា មានផ្សោតឃ្លៀច ឬផ្សោតផ្កាឈូក (Indo-Pacific humpbacked dolphin – Sousa chinensis) ដែលហែលជាហ្វូង ជាមួយប្រភេទផ្សោតសមុទ្រដទៃទៀត។ ហ្វូងផ្សោតទាំងនោះតែងតែមានវត្តមានក្នុងសមុទ្រនៃខេត្តកែប កំពត ប្រជុំកោះរ៉ុង នៃខេត្តព្រះសីហនុ និងខាងមុ ខពាមក្រសោបនៃខេត្តកោះកុង។

រដ្ឋបាលជលផល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវការចូលរួមផ្សព្វផ្សាយអំពីធនធានជលផលសមុទ្រ ដ៏មានតម្លៃរបស់កម្ពុជា ដើម្បីទាក់ទាញទេសចរមកកំសាន្តឱ្យកាន់តែច្រើន។ ប៉ុន្តែ រដ្ឋបាលជលផល គូសបញ្ជាក់ថា «ស្នើសុំបងប្អូនដែល ប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយ ត្រូវប្រើប្រាស់ព័ត៌មាន និងរូបភាពជាក់ស្តែងក្នុងសមុទ្រយើងផ្ទាល់ កុំប្រើប្រាស់ រូបភាពមិនមានប្រភពច្បាស់លាស់ រូបភាពពីក្រៅប្រទេស ឬរូបភាពកែច្នៃ ដូចករណីផ្សោតឃ្លៀច ដែលបាននិងកំពុងចែកចាយតៗគ្នានេះ។ ការប្រើរូបភាពដែលមានប្រភពពីក្រៅប្រទេស ឬមិនច្បាស់លាស់ នាំឱ្យមានការភ័ន្តច្រឡំ ដូចនេះ សូមអ្នកផ្សព្វផ្សាយ និងចែករំលែក មេត្តាលុបចេញ»។

រដ្ឋបាលជលផល បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារធនធាន ជលផលរបស់កម្ពុជាទាំងអស់គ្នា និងផ្តល់ព័ត៌មាននូវការប្រទះឃើញ នូវធនធានជលផលដ៏កម្រ និងមានតម្លៃ ដល់សមត្ថកិច្ចជំនាញផលផល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ