ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នឹងដាក់ឲ្យពលរដ្ឋប្រើប្រាស់បណ្ដុះអាសន្ន នៅខែតុលា ដោយឥតគិតថ្លៃ ក្នុងរយៈពេល ១ខែ
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្ដុះអាសន្ន នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ខាងមុខតទៅ ដោយឥតគិតថ្លៃ ក្នុងរយៈពេល ១ខែ។
នាឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ (Expressway PP-SHV) នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា សម្រាប់តម្លៃធ្វើដំណើរតាមផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងឆ្នាំដំបូង រថយន្ដទេសចរណ៍ ឬរថយន្ដលក្ខណៈគ្រួសារ តម្លៃ ១២ដុល្លារ ដោយឡែក រថយន្ដធំប្រភេទដឹកទំនិញ ៦០ដុល្លារ។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានចម្ងាយ ១៨៧គីឡូម៉ែត្រ ហើយមកដល់ពាក់កណ្ដាលខែកក្កដា នេះ គឺធ្វើបាន ៩៥ភាគរយហើយ ចឹងយើងសល់ ៥ភាគរយទៀត គឺទាក់ទងទៅនឹងផ្លាកសញ្ញា ដាំដើមផ្កា កាំមេរ៉ា ជាដើម ចឹងគ្រោងនឹងបញ្ចប់ ហើយដាក់ឲ្យប្រើប្រាស់ជាបណ្ដុះអាសន្ន នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃ ក្នុងយៈពេលមួយខែ ផ្ដល់ឲ្យបងប្អូនយើងប្រើប្រាស់ផ្លូវនេះ»។
លោករដ្ឋមន្ដ្រី បានបន្ថែមថា មុននឹងដាក់ឲ្យពលរដ្ឋប្រើប្រាស់ផ្លូវល្បឿនលឿននេះបណ្ដុះអាសន្ន ក្រសួងសាធារណការនឹងផលិតស្តតផ្សព្វផ្សាយ ដើម្បីពន្យល់ដល់ពលរដ្ឋ ក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។
លោករដ្ឋមន្ដ្រី បានបន្ដថា ក្រោយផុតរយៈពេលដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ន ក្រុមហ៊ុននឹងចាប់ផ្តើមយកថ្លៃ នៃការប្រើប្រាស់ផ្លូវនេះ ក្នុងនោះ ម្ចាស់រថយន្ត អាចទិញកាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខរថយន្តរបស់ខ្លួនជួយឲ្យចំណេញពេលក្នុងការធ្វើដំណើរ ដោយមិនចាំបាច់ឈប់ ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ពេលចាកចេញនៅកន្លែងប្ដូរទិស ម៉ាស៊ីននៅតាមបញ្ជរបង់ប្រាក់នឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។
សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ហើយប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ។ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា៕EB