ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំដល់អ្នកបើកបរយានយន្តធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ត្រូវមានឯកសារភ្ជាប់តាមខ្លួនមួយចំនួន នៅពេលបើកបរ ដើម្បីចូលរួមអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនៅកម្ពុជា។

ថ្មីៗនេះ មានប្រជាពលរដ្ឋមួយ ចំនួនជាពិសេសអ្នកបើកបរយានយន្ត បានសម្ដែងមតិនៅតាមបណ្តាញទំនាក់ទំនងសង្គម ពាក់ព័ន្ធនឹងឯកសារ ដែលត្រូវភ្ជាប់តាមខ្លួនពេលបើកបរយានយន្តធ្វើចរាចរណ៍នៅលើផ្លូវថ្នល់។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៧មក ក្រសួងសាធារណការ បានធ្វើការកែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដោយបានបញ្ចូល QR Code លើឯកសារបណ្ណបើកបរយានយន្ត បណ្ណសម្គាល់យានជំនិះ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះ(ឆៀក) លិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជួន និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីងាយស្រួលគ្រប់គ្រង។

ដើម្បីចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រសួងធ្វើការណែនាំដល់អ្នកបើកបរយានយន្តធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ត្រូវមានឯកសារភ្ជាប់តាមខ្លួន រួមមាន៖

ទី១-បណ្ណបើកបរយានយន្ត តម្រូវឲ្យប្រើប្រាស់ឯកសារច្បាប់ដើម។

ទី២-បណ្ណសម្គាល់យានជំនិះ អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។ ករណីបណ្ណសម្គាល់យានជំនិះ មិនមាន QR Code តម្រូវឲ្យមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ចលើច្បាប់ថតចម្លងនោះ ទើបអាចប្រើប្រាស់ជាផ្លូវការបាន។

ទី៣-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។

និងទី៤-ចំពោះរថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ ឬអ្នកដំណើរ ត្រូវភ្ជាប់តាមខ្លួនបន្ថែមនូវលិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន អាចប្រើប្រាស់ឯកសារច្បាប់ថតចម្លង។

លើសពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមសហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ