ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជា ស្ថិតនៅចំណុចកណ្តាល និងជាបេះដូងរបស់អាស៊ាន អាចប្រើប្រាស់ជាមជ្ឈមណ្ឌលឧស្សាហកម្ម សម្រាប់បម្រើឱ្យអ្នកប្រើប្រាស់ ជាអតិថិជនប្រមាណ ៦៥៥លាននាក់។

នាឱកាសអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនដឹកជញ្ជូន FedEx របស់អាមេរិក ដឹកនាំដោយលោក Masamichi Ujiie អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនFedEx ចូលជួបសម្តែងការគួរសម និងពិភាក្សាកាងារ នាថ្ងៃទី៣០ សីហា នៅស្ដីការក្រសួង លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា កម្ពុជា បានធ្វើការបញ្ចប់ផែនការមេ ស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ដែលត្រូវការទុនអនុវត្តប្រមាណជាង ៥០ពាន់លានដុល្លារ ដែលនឹងដាក់ឆ្លងគណ:រដ្ឋមន្រ្តីនាពេលឆាប់ខាងមុខ។

លោក បន្ដថា ក្រសួងសាធារណការ ក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន YCH សិង្ហបុរី និងក្រុមហ៊ុន Worldbridge ដើម្បីចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មទីក្រុងភ្នំពេញ។ លោកថា ក្រសួង ក៏គ្រោងចាប់ផ្តើមអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មទីក្រុងព្រះសីហនុនៅពេលខាងមុខ និងកំពុងស្វែងរកការវិនិយោគលើវិស័យសំខាន់មួយចំនួនទៀត ជាពិសេសការវិនិយោគមជ្ឈមណ្ឌលដឹកទំនិញតាមផ្លូវអាកាសតំបន់ផងដែរ។

លោកទេសរដ្ឋមន្ត្រី បញ្ជាក់ថា «សារសំខាន់ នៃទីតាំងភូមិសាស្ត្ររបស់ប្រទេសកម្ពុជា ស្ថិតនៅចំណុចកណ្តាល និងជាបេះដូងរបស់អាស៊ាន អាចប្រើប្រាស់ជាមជ្ឈមណ្ឌលឧស្សាហកម្ម មួយសម្រាប់បម្រើឱ្យអ្នកប្រើប្រាស់ដែលជាអតិថិជនប្រមាណ ៦៥៥លាននាក់ ព្រមទាំងជាចំណុចកណ្តាល នៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ ដែលអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្តុភារកម្មសម្រាប់បម្រើឱ្យអតិថិជនប្រមាណ ៣៣៤លាននាក់ផងដែរ»។

នាឱកាសនោះ លោកអនុប្រធានជាន់ខ្ពស់ក្រុមហ៊ុនដឹកជញ្ជូន FedEx បានបង្ហាញនូវចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ព និងដឹកជញ្ជូននៅកម្ពុជាផងដែរ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការរីកចម្រើន ក៏ដូចជា ពង្រីកទំនាក់ទំនងរវាងអាមេរិក និងកម្ពុជាបន្ថែមទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ