វៀតណាម ត្រៀមខ្លួនចែករំលែកបទពិសោធន៍ ក្នុងកិច្ចការពារថែរក្សាសន្តិសុខ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា នៅឆ្នាំ២០២៣
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានថ្លែងថា វៀតណាម ត្រៀមខ្លួនផ្ដល់កិច្ចសហការ និងចែករំលែកបទពិសោធន៍ ក្នុងកិច្ចការពារថែរក្សាសន្តិសុខ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា នាឆ្នាំ២០២៣ ខាងមុខ ក្រោយពីវៀតណាមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២២នេះ។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង នាថ្ងៃទី២៣ មិថុនា លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង បានអបអរសាទរចំពោះការរីកចម្រើន និងវឌ្ឍនភាពជាបន្តបន្ទាប់របស់ក្រកម្ពុជា ពិសេសបច្ចុប្បន្ន កម្ពុជាកំពុងបំពេញតួនាទីជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២០។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់វិញ លោកក៏សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើការងារប្រយុទ្ធប្រឆាំងបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀន និងការឆ្លងដែនខុសច្បាប់ និងការប្រព្រឹត្តល្បែងស៊ីសងឆ្លងដែនជាដើម។
លោក បញ្ជាក់ថា «ប្រទេសវៀតណាមបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២២នេះ ហើយវៀតណាមត្រៀមខ្លួនក្នុងការផ្ដល់កិច្ចសហការ និងចែករំលែកបទពិសោធ ក្នុងកិច្ចការពារថែរក្សាសន្តិសុខក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ជាមួយកម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះនៅឆ្នាំ២០២៣ខាងមុខ»។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ពាក់ព័ន្ធទៅនឹងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំង។
សម្ដេច បានលើកឡើងថា ជាការពិតជំងឺកូវីដ-១៩ បានបង្កការរអាក់រអួល និងការអាក់ខានដល់ការអនុវត្តយន្តការសហប្រតិបត្តិការមួយចំនួនរវាងក្រសួងទាំងពីរក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ក៏ប៉ុន្តែទោះបីយ៉ាងនេះក្ដី ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ ជាពិសេស សម្ដេច ផ្ទាល់ជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានខិតខំស្វែងរកមធ្យោបាយជួបគ្នាតាមប្រព័ន្ធវីដេអូក្នុងរយៈពេលកន្លងមក ដើម្បីធ្វើយ៉ាងណាបន្តរក្សានូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងទាំងពីរ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ