ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួន ១១នាក់ និងរឹបអូសគ្រឿងញៀនជាង ៤៤គីឡូក្រាម នៅទីតាំងចំនួន ៥ ។

ជាក់ស្ដែងកាលពីថ្ងៃទី១៣-១៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្ដមសេនីយ៍ទោ អ៊ិន សុង និងវរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរ និងមានការចូលរួមពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បានប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ៥គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ។

វត្ថុតាងគ្រឿងញៀនចាប់យកបានរួមមាន៖ កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ១គីឡូ និង ៩៥២ក្រាម, មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៤២គីឡូ និង៨៥៨ក្រាម, អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ១០៦ក្រាម ។ សរុប ៤៤គីឡូ និង៩១៦ក្រាម ។

មធ្យោបាយសម្ភារៈចាប់យករួមមាន៖ រថយន្ត ២គ្រឿង, ម៉ូតូ ២គ្រឿង, អាវុធខ្លី ១ដើម, គ្រាប់បែក ១គ្រាប់, ជញ្ជីងថ្លឹង ៣គ្រឿង និហទូរស័ព្ទដៃ ៧គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ