សម្ដេចក្រឡាហោម ស ខេង និងលោកស្រី ម៉ែន សំអន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ។
ពិធីនេះ ក៏មានអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំ, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, ក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀតផងដែរ។
យោងតាមរបាយការណ៍សង្ខេបបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចំណូលប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញសរុប ១.៣២៨.៦៥៥.៨៧៩.៣៧៣រៀល ស្មើនឹង១០៤,៩៦% ធៀបនឹងផែនការឆ្នាំ២០២១ និងចំណាយចំនួន ១.០៤២.២៣០.៨៦៦.៤៥៦រៀល ស្មើនឹង ៩៩,២១% ធៀបនឹងផែនការឆ្នាំ២០២១។
របាយការណ៍ ដដែលបន្ដថា ក្នុងឆ្នាំ២០២២នេះ អង្គភាពលទ្ធកម្មរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តនីតិវិធីលទ្ធកម្ម សរុបចំនួន ១០៩គម្រោង ជាលទ្ធផល អនុវត្តផែនការលទ្ធកម្ម សំរេចបាន ១០០%។ ព្រមទាំងផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ ចំនួន ៧២.៧២៥សេវា៕EB