មនុស្សយ៉ាងតិច៦នាក់ស្លាប់ក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកកនៅតំបន់ភ្នំអាល់ប្រទេសអ៊ីតាលី
អ៊ីតាលី៖អាជ្ញាធរក្នុងតំបន់បាននិយាយថា ផ្នែកខ្លះនៃផ្ទាំងទឹកកកភ្នំមួយ បានបាក់រលំនៅតំបន់ភ្នំអាល់របស់អ៊ីតាលីកាលពីថ្ងៃអាទិត្យ ទី៣ ខែកក្កដា ចំពេលសីតុណ្ហភាពប្រែប្រួល និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ និងបង្ករបួសស្នាមលើមនុស្ស ៨នាក់ផ្សេងទៀត។នេះបើតាមការចេញផ្សាយរបស់សាព័ត៌មានBBCនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។
រដ្ឋាភិបាលខេត្តត្រេនតូ (Trento) បានឱ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការបន្ទាប់ពីការបាក់ផ្ទាំងទឹកកកដ៏ធំមួយ ដែលពាក់ព័ន្ធនឹងអ្នកឡើងភ្នំ ដោយបន្ថែមថា ទំនងជាមានចំនួនអ្នកស្លាប់ច្រើននាក់។
ការបាក់រអិលផ្ទាំងទឹកកកនេះ បានកើតឡើងនៅលើភ្នំម៉ាមូឡាដាដែលមានកម្ពស់ជាង ៣៣០០ម៉ែត្រ គឺជាភ្នំខ្ពស់បំផុតនៅតំបន់ដូឡូម៉ាយ ស្ថិតក្នុងជួរភ្នំអាល់ ភាគខាងកើតប្រទេសអ៊ីតាលី លាតសន្ធឹងលើតំបន់ខ្លះនៃខេត្តត្រេនតូ និងខេត្តវ៉េនតូ។ជាមួយគ្នាននេះដែរ អភិបាលខេត្តវ៉េនតូ លោកលូកា ហ្សៀ បានលើកឡើងថា អ្នករងរបួសត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ នៅក្នុងទីក្រុងក្បែរនោះដូចជា បេលូនូ ត្រេវីសូ ត្រេនតូ និងទីក្រុងបូលហ្សានូ។
អង្គភាពជួយសង្គ្រោះ Alpine បានអះអាងថា ដុំទឹកកកដ៏ធំបានដួលរលំនៅជិតតំបន់ ផុនតា រូកា នៅលើផ្លូវដែលជាធម្មតាត្រូវបានប្រើប្រាស់ដោយអ្នកឡើងភ្នំ ដើម្បីទៅដល់កំពូលភ្នំ។លោក ហ្សៀ បាននិយាយថា រលកកម្ដៅនៅដើមរដូវក្ដៅក្នុងប្រទេសអ៊ីតាលី បានធ្វើឱ្យសីតុណ្ហភាពនៅលើភ្នំម៉ាមូឡាដា ឡើងដល់១០អង្សាសេកាលពីថ្ងៃសៅរ៍៕SP