អគ្គិសនីកម្ពុជានៅថ្ងៃទី០៧ ខែតុលានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បកស្រាយបំភ្លឺករណីផ្សព្វផ្សាយបន្លំបោកប្រាស់ក្នុងបណ្ដាញសង្គម អំពីឧបករណ៍សន្សំសំចៃថាមពលអគ្គិសនី។ អគ្គិសនីកម្ពុជាបញ្ជាក់ថា នាពេលថ្មីៗនេះមានទំព័របណ្ដាញសង្គមFacebookឈ្មោះ Cambodia Green Energy និងទំព័របណ្ដាញសង្គមFacebookមួយចំនួនទៀត បានផ្សព្វផ្សាយអំពីឧបករណ៍អគ្គិសនីមួយ ដែលទំព័របណ្ដាញសង្គម Facebook ទាំងនោះហៅថា Energy Saving Box ឬ Electricity Saving Box។ 

បណ្ដាញសង្គមទាំងនោះបានផ្សព្វផ្សាយថា ឧបករណ៍នោះអាចសន្សំសំចៃថាមពលអគ្គិសនីបានដល់ទៅ៤០% អាចធ្វើឱ្យអ្នកប្រើប្រាស់អគ្គិសនីបង់ថវិកាតិចជាងមុន ដែលការផ្សព្វផ្សាយនេះគឺជាការបោកប្រាស់ទាំងស្រុង ។

អគ្គសនីកម្ពុជា ពន្យល់ថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចំពោះអ្នកប្រើប្រាស់អគ្គិសនីលំនៅដ្ឋានធុនតូច និងមធ្យម ការគិតថ្លៃអគ្គិសនី គឺយកតែលើថាមពលសកម្ម (Active Power) ប៉ុណ្ណោះ មិនយកថ្លៃលើថាមពល អសកម្មឡើយ ដូច្នេះកុងដង់សាទ័រមួយគ្រាប់តូច ក្នុងឧបករណ៍ផ្សព្វផ្សាយបោកប្រាស់ខាងលើ មិនមានប្រយោជន៍ ក្នុងការប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់អគ្គិសនីធុនតូច និងមធ្យមឡើយ។

 

ចំពោះអ្នកប្រើប្រាស់ធុនធំ និងដុំ ដែលប្រើប្រាស់អគ្គិសនីច្រើន ហើយត្រូវបង់ថ្លៃប្រើប្រាស់ថាមពលអសកម្មចំនួន ១០០រៀល ក្នុង១គីឡូវ៉ារម៉ោង (kVarh) ប្រសិនបើប្រើលើសពីការកំណត់ គេអាចដាក់កុងដង់សាទ័រ ដើម្បីបន្ថយថាមពលអសកម្ម ដែលគេប្រើក៏គេត្រូវដាក់កុងដង់សាទ័រនេះ ជាប្រភេទទូធំៗ ដែលមានកុងដង់សាទ័រធំៗដែរ មិនមែនមួយគ្រាប់តូចដូចកុងដង់សាទ័រ គេដាក់នៅក្នុងទូរទស្សន៍ ឬក្នុងម៉ាស៊ីនត្រជាក់ដូច្នេះទេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ